កណ្តាល៖ កម្លាំងសម្មកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់បន្ទាប់ពីចូលក្នុងផ្សារ បន្លំលួចខ្សែដៃផ្លាកទីន ទម្ងន់០១តម្លឹង និងរូបព្រះឈើខ្មៅ ស្រោបផ្លាកទីនទម្ងន់០១ជី កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទី ស្ថិតនៅចំណុចផ្សារបែកចាន ស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សាន សុខរស់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស ស្នាក់នៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានសំណូមពរសម្ថកិច្ចសុំមិនប្តឹងផ្តល់ឡើយ។ ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ឌុច វីដេត ហៅដេត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ជនសង្ស័យមានសារធាតុញៀននូវក្នុងទឹកនោម។

ក្នុប្រតិបត្តិការនេះដែរ កម្លាំងដកហូតបានវត្ថុតាង រួមជាមួយកាបូបដៃ ពណ៌ខ្មៅ ០១ ក្នុងនោះមានប្រាក់ថៃ ក្រដាស២០បាត ចំនួន០២សន្លឹក និងកូនសោចំនួន០៣។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ឈ្មោះ ឌុច វីដេត ០១សន្លឹក និងកាតមានអក្សរថៃចំនួន០២សន្លឹក។ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ ឌុច វីដេត ០១សន្លឹក។ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ លីម ឌីណា ០១សន្លឹក។ កាតធ្វើការងារសន្តិសុខក្រុមហ៊ុន ATALIAN ០១សន្លឹក។ កាតធនាគារអេស៊ីលីដាចំនួន០២សន្លឹក និងកាតធនាគារវីង ០១សន្លឹក។

តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានចេញពីបន្ទប់ជួលរបស់ខ្លួន ឆ្ពោះទៅផ្សារបែកចាន ពេលទៅផ្សារបែកចាន ដល់ចំណុចតូបលក់មាសរបស់ជនរងគ្រោះ ជនសង្ស័យបានសួរកទិញខ្សែដៃមួយខ្សែទម្ងន់០១តម្លឹង ពេលនោះជនរងគ្រោះបានយកខ្សែដៃផ្លាកទីន ទម្ងន់០១តម្លឹង បង្ហាញជនសង្ស័យ បន្ទាប់មកជនសង្ស័យបានយកខ្សែដៃនោះពាក់នឹងកដៃ ហើយសួររកបន្តោងរូបព្រះមួយអង្គទៀត ជនរងគ្រោះបានយកឱ្យជនសង្ស័យមើល។ ពេលបានបន្តោងរូបព្រះស្រោបផ្លាកទីនទម្ងន់០១ជី ដល់ដៃហើយ ជនសង្ស័យបានស្ទុះរត់គេចខ្លួនតែម្ដង ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ និងដេញតាមពីក្រោយ ហើយក៏ឃាត់ខ្លួនជនសង្ស័យបាន និងបានដកយកខ្សែដៃផ្លាកទីន និងបន្តោងរូបព្រះ ពីជនសង្ស័យវិញ បន្ទាប់មកបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បែកចាន។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍បានសហការជាមួយកម្លាំងផ្នែកជំនាញស្រុក និងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយករបស់ជនរងគ្រោះប្រាកដមែន ហើយខ្លួនធ្លាប់ប្រើប្រាស់សារធាតុញៀនរយៈពេល០៤ឆ្នាំមកហើយ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.