យន្តហោះយោធា Su-22 មួយគ្រឿងបានធ្លាក់ចូលកណ្ដាលភូមិអ្នកស្រុក ក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាម អំឡុងពេលហ្វឹកហាត់លើអាកាស កាលពីព្រឹកថ្ងៃអង្គារ សប្ដាហ៍នេះ ខណៈអ្នកបើកបរយន្ដហោះបានលោតឆ័ត្រយោងចេញទាន់ពេល នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ​១១​:១៥​នាទី​ព្រឹក ដោយ​យន្តហោះ​បាន​ធ្លាក់​នៅក្បែរ​សង្កាត់ Binh Minh ​សង្កាត់ Dia Nam Bac នៃក្រុង Dien Ban។

យោងតាមសាក្សីម្នាក់បាននិយាយថា គាត់កំពុងធ្វើការនៅក្នុងសួនច្បារ នៅពេលដែលគាត់បានលឺសំឡេងយន្តហោះ គាត់បានឃើញវាធ្លាក់ពីលើសមុទ្រ ជាមួយនឹងផ្សែងខ្មៅខ្មួរខ្មាញ់។ សាក្សី នោះបន្ថែមថា គាត់​បាន​ឃើញ​អ្នក​បើក​យន្តហោះ​លោត​ចេញ ​ដោយ​ប្រើលោត​ឆ័ត្រយោង​។

ឧបទ្ទវហេតុ​នេះ​បាន​បំផ្លាញ​ផ្ទះរបស់លោក Nguyen Thanh Quoc ដែលជាអ្នករងគ្រោះដោយសារការធ្លាក់យន្ដហោះនេះ ដោយលោក Quoc បាននិយាយថា គ្រួសាររបស់គាត់កំពុងមើលទូរទស្សន៍នៅជាន់ខាងលើផ្ទះ ស្រាប់តែលោក និងក្រុមគ្រួសារបានឮសំឡេងផ្ទុះមួយ ហើយបានឃើញបំណែកក្បឿងលើដំបូលផ្ទះរបស់ពួកគេធ្លាក់ចុះមក។

ជាមួយគ្នានោះដែរ ពួកគេ​បាន​រត់​ចេញពី​ផ្ទះ ហើយ​បាន​រក​ឃើញ​​ដំបូល​របស់​ពួកគេ​ និងអ្នកជិតខាងបាន​ដួលរលំ ហើយ​យន្តហោះ​នោះ បាន​ធ្លាក់​លើដី​ទំនេរ​មួយ​កន្លែង​នៅ​ចម្ងាយ​ប្រហែល ១០ម៉ែត្រ​ពី​ផ្ទះ។ លោក Quoc បាននិយាយថា កំទេចកំទីរបស់យន្ដហោះនេះ បានរាយប៉ាយពាសពេញកន្លែង។

ជុំវិញបញ្ហានេះ ក្រសួងការពារជាតិបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈដែលកងវរសេនាធំលេខ ៩២៩ កងពលលេខ ៣៧២ នៃកងទ័ពអាកាសកំពុងរៀបចំវគ្គហ្វឹកហ្វឺនពេលថ្ងៃ ដោយចាប់ផ្តើមពីអាកាសយានដ្ឋាន Da Nang។

យន្តហោះចម្បាំង Su-22 ត្រូវបានបើកដោយប្រធានក្រុម Do Tien Duc ដោយចាប់ផ្តើមចាប់ពីម៉ោង ១១:០៤នាទីព្រឹក ថ្ងៃអង្គារ ទី៩ ខែមករា នេះ ស្រាប់តែ ១០នាទីបន្ទាប់ពីហោះឡើង លោក Duc បាននិយាយថា យន្តហោះបានជួបប្រទះបញ្ហា ហើយមិនអាចចុះចតបានទេ។

មេបញ្ជាការជើងហោះហើរបានប្រាប់ លោក Duc ឱ្យបញ្ជាយន្តហោះចេញពីតំបន់លំនៅដ្ឋាន ហើយលោតឆ័ត្រយោងចេញពីយន្ដហោះដើម្បីសុវត្ថិភាព ដោយលោតចេញចម្ងាយប្រហែល ១៩គីឡូម៉ែត្រ ពីផ្លូវរត់ ឆ្លងកាត់ឃុំ Dien Nam Trung នៃខេត្ត Quang Nam។ ក្រសួងការពារជាតិបាននិយាយថា យន្តហោះនេះបានរងការខូចខាត ប៉ុន្តែអ្នកបើកយន្តហោះមិនមានរបួសអ្វីនោះទេ។

អ្នក​ស្រុក​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​សួន​ច្បារ​របស់​ពួក​គេ​ បាន​រង​របួស​ស្រាល​បន្ទាប់​ពី​ត្រូវ​កំទេច​កំទីយន្ដហោះនោះខ្ទាតបុកត្រូវ ខណៈថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះត្រូវបានពង្រាយទៅកាន់តំបន់នោះផងដែរ។

ប៉ូលិស និង​មន្ត្រី​យោធា​បាន​រារាំង​ការ​ចូល​ទៅ​កាន់​កន្លែង​នោះ ហើយ​បាន​ស្នើ​ឲ្យ​អ្នក​ស្រុក​សម្ងំនៅ​ក្នុង​ផ្ទះ។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំមុន មានយន្ដហោះប្រភេទ Su-22 មួយគ្រឿងទៀតរបស់កងទ័ពអាកាស បើកបរដោយប្រធានក្រុម Tran Ngoc Duy ក៏បានជួបប្រទះបញ្ហាក្នុងអំឡុងពេលវគ្គហ្វឹកហ្វឺនដូចគ្នាដែរ ដោយលោក Duy បានបាត់បង់ជីវិត ក្រោយពីព្យាយាមបញ្ជាយន្ដហោះឱ្យដំណើរការ។

សូមជម្រាបថា យន្តហោះប្រភេទ Su-22 ត្រូវបានរចនាឡើងដោយសហភាពសូវៀត ហើយត្រូវបានប្រើប្រាស់តាំងពីទសវត្សរ៍១៩៧០ ដោយប្រទេសវៀតណាម បានចាប់ផ្តើមទទួលយន្តហោះទាំងនេះមកប្រើប្រាស់នៅឆ្នាំ ១៩៧៩៕

ប្រភព៖ VN Express

Share.