ការ​រំលោភ​សិទ្ធិ​អ្នក​និពន្ធ ជា​បញ្ហា​ប្រឈម​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ស្វែង​រក​ដំណោះស្រាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ បើ​ពុំ​ដូច្នោះ​ទេ បញ្ហា​នេះ​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​សម្លាប់​ទឹក​ចិត្ត​អ្នក​និពន្ធ និង​លែង​មាន​អ្នក​ចង់​បន្ត​វេន​ជំនាន់​ក្រោយ​ទៀត​។ ក្រុម​អ្នក​និពន្ធ​លើក​ឡើង​បែប​នេះ ដោយ​សារ​កន្លង​មក ស្នាដៃ​របស់​ពួក​គាត់​ត្រូវ​បាន​គេ​យក​ទៅ​បោះពុម្ព​ចេញ និង​ចែកចាយ​បន្ត​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ស្នាដៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រាក់​ចំណូល​របស់​អ្នក​និពន្ធ​។

កញ្ញា សូផាន វល័ក្ខ ជា​អ្នក​និពន្ធ និង​ជា​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព​អាណាចក្រ​សៀវភៅ

កញ្ញា សូផាន វល័ក្ខ ជា​អ្នក​និពន្ធ និង​ជា​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព​អាណាចក្រ​សៀវភៅ បាន​បង្ហាញ​អំពី​ការ​រំលោភ​លើ​សិទ្ធិ​អ្នក​និពន្ធ ដែល​វា​ស្ដែង​ឡើង​តាម​រយៈ​រូបភាព​មួយ​ចំនួន​ដូច​ជា​៖

– ចម្លង​ស្នាដៃ​ដោយ​បោះពុម្ព​ចេញ​ជា​សៀវភៅ ដើម្បី​លក់​យក​កម្រៃ និង​លក់​យក​កម្រៃ ឬ​ចែកចាយ​បន្ត​លើ​ស្នាដៃ (​ជា PDF​) ដោយ​មិន​មាន​ការអនុញ្ញាត​ពី​ម្ចាស់​ស្នាដៃ

– ការ​ចម្លង​ស្នាដៃ​តាម​រយៈ​ថត​ជា​សំឡេង ដើម្បី​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​មិន​មាន​ការអនុញ្ញាត​ពី​ម្ចាស់​ស្នាដៃ ឬ​គ្រឹះស្ថាន​បោះពុម្ព

– ការ​ចម្លង​គំនិត ស្នាដៃ (អរូបី) ដែល​លំបាក​នឹង​មើល​ឃើញ​។

ទោះ​បី​មាន​អំណះអំណាង​ថា ជា​ការ​ចែករំលែក​ចំណេះដឹង និង​លើក​កម្ពស់​ការ​អាន​ក្ដី តែ​ទង្វើ​ទាំង​អស់​នេះ គឺ​ជា​ការ​រំលោភបំពាន​លើ​សិទ្ធិ​អ្នកនិពន្ធ ដែល​បង្ក​ផល​ប៉ះពាល់​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ដល់​អាជីព​អ្នក​និពន្ធ​ដូច​ជា

– ប៉ះពាល់​ដល់​មុខរបរ​អ្នកនិពន្ធ ដោយសារ​ការ​ចែកចាយ​បន្ត​តាម​រយៈ​ការ​បោះពុម្ព​ជា​សៀវភៅ​ក្ដី ចែក​រំលែក​តាម​អ៊ីនធឺណិត​ក្ដី លក់​យក​កម្រៃ​ក្ដី មិន​យក​កម្រៃ​ក្ដី វា​បាន​ធ្វើ​ឲ្យ​អ្នក​និពន្ធ​បាត់បង់​ប្រាក់​ចំណូល ដែល​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​លើ​ស្នាដៃ​របស់​ខ្លួន​។

– ប៉ះពាល់​ដល់​ទឹកចិត្ត​អ្នកនិពន្ធ ដោយសារ​កាលណា ស្នាដៃ​របស់​ខ្លួន​ត្រូវ​បាន​គេ​យក​ទៅ​លក់​យក​កម្រៃ ចែកចាយ​បន្ត និង​ចម្លង​យក​ទៅ​ធ្វើ​ជា​របស់​ខ្លួន វា​កំពុង​សម្លាប់​ទឹក​ចិត្ត​អ្នក​និពន្ធ ធ្វើ​ឲ្យ​ពួក​គាត់​លែង​ចង់​ប្រកប​អាជីព​និពន្ធ និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​អ្នក​និពន្ធ​ជំនាន់​ក្រោយៗ​ផង​ដែរ​។

– ធ្វើ​ឲ្យ​បាត់​គំនិត​ច្នៃ​ប្រតិស្ឋ ព្រោះ​តែ​ការ​លួច​ចម្លង ចែករំលែក និង​កេងប្រវ័ញ្ច​កម្រៃ​លើ​ស្នាដៃ​របស់​ខ្លួន​ហួសហេតុ​ពេក ធ្វើ​ឲ្យ​អ្នក​និពន្ធ​បាក់​ទឹកចិត្ត លែង​មាន​គំនិត​ច្នៃ​ប្រតិស្ឋ និង​ចង់​បង្កើត​សមិទ្ធផល​ថ្មី​។

លោក ម៉ៃ វឌ្ឍនា សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ

លោក ម៉ៃ វឌ្ឍនា សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ លើក​ឡើង​ថា ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ដូច​ដែល​បាន​លើកឡើង​ខាង​លើ អ្នក​និពន្ធ​គួរ​តែ​ចងក្រង​គ្នា​ជា​ក្រុម ឬ​សមាគម និង​បណ្ដាញ​នានា ដែល​អាច​ឲ្យ​ពួក​គាត់​ជួយ​តាម​ដាន ឃ្លាំមើល​ស្នាដៃ​របស់​ពួកគាត់​បាន​ទូលំទូលាយ ចាត់​វិធានការ ទាមទារ និង​ដោះស្រាយ​នៅ​ពេល​មាន​បញ្ហា​រំលោភ​សិទ្ធិ​អ្នក​និពន្ធ និង​ងាយស្រួល​ស្វែង​រក​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​ដោយ​ប្រសិទ្ធភាព​។ ទន្ទឹម​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ជា​អាទិ ត្រូវ​ពង្រឹង​ការ​អនុវត្តិ​ច្បាប់ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ច្បាប់​ពាក់ព័ន្ធ​សិទ្ធ​អ្នក​និពន្ធ និង​សិទ្ធ​ប្រហាក់ប្រហែល ឲ្យ​សាធារណជន​បាន​យល់​ដឹង និង​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​។

លោក ម៉ៃ វឌ្ឍនា លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​និពន្ធ​ចងក្រង​គ្នា​ជា​ក្រុម ឬ​សមាគម ដោយ​ពន្យល់​ពី​ផលប្រយោជន៍​ថា ទី១ ទទួល​បាន​ការ​បណ្ដុះបណ្ដាល​បន្ថែម ពាក់ព័ន្ធ​នឹង​ការ​តែង​និពន្ធ, ទី​២ ចូលរួម​លើក​កម្ពស់​ស្នាដៃ​របស់​ពួក​គាត់​តាម​រយៈ​ការ​បោះពុម្ព, ទី​៣ រាល់​ការ​តែង​និពន្ធ​របស់​ពួក​គាត់​ត្រូវ​បាន​ទទួល​ការ​តម្រែតម្រង់ ឬ​យោបល់​បន្ថែម​ពី​ក្រុមប្រឹក្សា ដើម្បី​ធ្វើ​ឲ្យ​ស្នាដៃ​នោះ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត និង​ទី៤ ការ​គាំទ្រ​ផ្នែក​ច្បាប់​នៅ​ពេល​មាន​បញ្ហា​រំលោភបំពាន​លើ​សិទ្ធិ​អ្នក​និពន្ធ​។ បន្ថែម​លើ​នេះ ក្រុម ឬ​សមាគម​អ្នក​និពន្ធ​គួរ​តែ​មាន​នូវ​ក្រមសីលធម៌ ដើម្បី​លើក​កម្ពស់​តម្លៃ​របស់​ខ្លួន​ជា​អ្នកនិពន្ធ​ឲ្យ​មាន​សេចក្ដី​ថ្លៃថ្នូរ​។

លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល

ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​សិទ្ធ​អ្នក​និពន្ធ និង​សិទ្ធ​ប្រហាក់ប្រហែល លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ពន្យល់​ថា កម្ពុជា​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​ច្បាប់ ស្ដីពី សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាំង​ពី​ឆ្នាំ ២០០៦ ។ បច្ចុប្បន្ន នាយកដ្ឋាន​កំពុង​រៀបចំ​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​ធានា​នូវ​សុក្រឹតភាព និង​ប្រសិទ្ធភាព ស្រប​តាម​វឌ្ឍនភាព​នៃ​សម័យកាល​។ បន្ទាប់​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ​ចេញ​ជា​ធរមាន ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ និង​បន្ត​ផ្សព្វផ្សាយ​បាន​ឲ្យ​កាន់​តែ​ទូលំទូលាយ និង​រឹត​បន្តឹង​បន្តិច​ម្ដងៗ ស្រប​តាម​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ឆ្ពោះ​ទៅ​ធានា​នូវ​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល មាន​ការ​រំលោភបំពាន​តិចតួច​បំផុត​នៅ​ក្នុង​សង្គម​។

លោក ស៊ឹម សត្តា ទទួលស្គាល់​ថា កន្លង​មក​ការ​រំលោភបំពាន​លើ​សិទ្ធិ​អ្នក​និពន្ធ តែង​កើត​មាន​ឡើង តាម​រយៈ​រូបភាព​ផ្សេងៗ ហើយ​យន្តការ​ដោះស្រាយ​នៅ​តុលាការ​ក៏​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ រាល់​វិវាទ​ពាក់ព័ន្ធ​ករណី​រំលោភបំពាន​សិទ្ធិ​អ្នកនិពន្ធ ធ្វើ​ការ​ដោះស្រាយ​នៅ​ក្របខ័ណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ត្រឹម​ជា​ការ​ពិន័យ ធ្វើ​កិច្ចសន្យា និង​ព្រមាន​មិន​ឲ្យ​ធ្វើ​ទង្វើ​ល្មើស​តទៀត​។

សូម​ជម្រាប​ថា ការ​លើកឡើង​របស់​អ្នកនិពន្ធ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកនិព្ធ និង​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ទាំង​បី​រូប​ខាង​លើ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី កត្តា​ប្រឈម និង​ដំណោះស្រាយ នៃ​ការ​រំលោភ​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ២០២៤ នៅ​ស្នាក់​ការ ស៊ីណេហាប់ (CINE HUB) រៀបចំ​ដោយ កកូរ​សៀវភៅ និង ស៊ីណេហាប់​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.