ព្រះសីហនុ៖ ម៉ូតូ២គ្រឿងបើកប៉ះគ្នាបន្តិចបន្តួច កើតជាហិង្សាវាយតប់គ្នាផ្អើលប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤នៅតាមបណ្ដោយផ្លូវ ៨១០ស្ថិតនៅក្នុងភូមិ ៥សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារសារព័ត៌មានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាក់ MD ដឹកទឹកកក មួយគ្រឿងជិះគោលដៅពីត្បូងជើង លុះដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូធំមួយគ្រឿងទៀតជិះពីជេីងទៅត្បូងបានបត់ឆ្វេង ភ្លាមនោះអ្នកជិះម៉ូតូMDដឹកទឹកកកក៏ព្យាយាមគេចតែមិនផុត ក៏ប៉ះគ្នាបន្តិចបន្តួច ភ្លាមៗភាគីខាងម៉ូតូធំដែលបើកបរដោយជនជាតិឥណ្ឌូនេស៊ីបានព្យាយាមមកដកសោមម៉ូតូពីម្ចាស់ម៉ូតូMD ក៏បង្កេីតជាជម្លោះប្រតាយប្រតប់គ្នា ហេីយជនជាតិឥណ្ឌូនេស៊ីព្យាយាមដេញវាយ។

មួយសន្ទុះក្រោយមកជនជាតិឥណ្ឌូនេស៊ីបានត្រឡប់មកវិញ រួចសួររកសោមម៉ូតូរបស់គាត់ ប៉ុន្តែមហាជននៅទីនោះពួកគាត់មិនព្រមប្រគល់សោរម៉ូតូទៅគាត់វិញទេ ព្រោះរង់ចាំសមត្ថកិច្ចមកដោះស្រាយ រួចមកក៏កើតមានជម្លោះហិង្សាម្ដងទៀតរវាងមហាជន​ និងជនជាតិឥណ្ឌូនេស៊ីនោះ។  

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកេីតហេតុ ធ្វើការសម្របសម្រួលភាគីទាំងសងខាង ហេីយក៏បាននាំយកពួកគាត់ទាំងសងខាងយកទៅសាកសួរបន្ថែមនៅអធិការក្រុងព្រះសីហនុតែម្តងទៅ៕

អត្ថបទ៖ ព្រះសីហនុ

Share.