សិល្បៈ​ជាតិ​៖ ច្បាស់​លាស់​ហើយ​សម្រាប់​ពេលាមង្គល​ដឹក​ដៃ​​គ្នា​ចូលរោងការ​របស់​តារា​ចម្រៀង​​និង​តារា​សម្ដែង​ផ្នែក​នារី​ពីរ​រូប​របស់​កម្ពុជា នោះ​គឺកញ្ញា សុវត្ថិឌី ធារីកា និង​អ្នក​នាង លីម៉ារីណា ដោយ​អាពាហ៍ពិពាហ៍​របស់​តារា​ស្រី​ទាំង​ពីរ​ដួង​ ជាមួយ​នឹង​បុរស​ដែល​នៅ​ក្រៅ​រង្វង់​សិល្បៈ​នេះ​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ក្នុង​ខែមករា ​ឆ្នាំ​២០២៤​នេះ​។ តើ​បុរស​​ទាំង​ពីរ​រូប​ដែល​អាច​ក្ដោប​បាន​បេះដូង​ស្រី​ស្រស់​ក្នុង​ចង្កោម​អ្នក​សិល្បៈ​​ទាំង​ពីរ​ដួង​នេះ មាន​សាវ​តារ​បែបណា?

តាម​ដឹង​ដំណឹង​អាពាហ៍ពិពាហ៍​ តារា​ចម្រៀង​វ័យ​ក្មេង​ កញ្ញា សុវត្ថិឌី ធារីកា​ បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​លេង​បណ្ដាញសង្គម​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ព្រោះ​អនាគត​កូន​កំលោះ​របស់​អ្នក​នាង​ មិន​មែន​ជាតារា​ចម្រៀង​ ម៉ៅ ហាជី ​បុគ្គល​ដូច​ការ​សង្ស័យ​នោះ​ឡើយ។ ក្រោយ​ឈ្មោះ​កូន​កំលោះ​ត្រូវ​បាន​បែក​ធ្លាយ​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចង់​ដឹង​​ជាខ្លាំង​តើ​បុរស​រូប​នេះ​គឺជា​អ្នក​ណា ហើយ​មាន​ប្រវត្តិ​បែបណា?​ សូម​ជំរាប​ថា​ បុរស​សង្ហា​ដែល​អាច​ក្ដោប​បេះដូង​ សុវត្ថិឌី​ ធារិកា ក៏​មាន​ប្រវត្តិ​និង​សាវតារ មិន​ធម្មតា​ដែរ​ ព្រោះ​លោក​គឺជា​កូន​ប្រុស​របស់​មន្ត្រីយោធា​ផ្កាយ​៣មួយ​រូប​។ លោក​មាន​ឈ្មោះ​ពិត​ថា ពូ សូផានិត គឺជា​នាយ​ទាហាន​ស្ថិត​ក្នុង​បញ្ជា​ការ​ដ្ឋាន​យោធភូមិភាគ​ពិសេស​ ត្រូវ​ជា​កូន​ប្រុស​របស់​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការ​រងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគ​ពិសស និង​លោក​ជំទាវ​ សែម​ បុប្ផា។ ថ្វីត្បិត​​ប្រវត្តិ​​អនាគត​ស្វាមី​របស់​កញ្ញា សុវត្ថិឌី ធារីកា មិន​បាន​បើក​​ចំហរ​ជា​សាធារណៈ តែ​បើតាម​ការ​ជ្រាវ​ពី​អ្នក​តាមដាន​ខ្សែជីវិត​តារា​ គេ​បាន​រក​ឃើញ​ថា​លោក ពូ​ សូផានិត ធ្លាប់​បាន​​បង្ហោះ​ពី​សកម្មភាព​ខ្លះ​នៅ​លើ​បណ្ដាញសង្គម​ IG ដោយ​មាន​​រូប​ភាព​ស្លៀកពាក់​ជា​​យោធា ថត​ជាមួយ​នឹង​លោក​ឪពុក​របស់​លោក​គឺ ឯកឧត្តម​ ពូ សាប៊ុតឌី ដែល​ធ្វើ​ឱ្យ​គេ​អាច​សន្មត​បានយ៉ាង​ច្បាស់​ថា​លោក​គឺជានាយ​ទាហាន​មួយ​រូប។ កាល​បរិច្ឆេទ​មង្គលការ​របស់​អ្នក​ទាំង​ពីរ​នេះ ​នឹងប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមករា នា​មជ្ឈមណ្ឌលសន្និបាត​ និង​ពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ OCIC ច្រកចូល​អគារ​ E។

​​​ងាក​មក​ដំណឹង​អាពាហ៍ពិពាហ៍របស់ អ្នក​មេម៉ាយ​សាច់​ស​ខ្ចី​ លី ម៉ារីណា ឯណោះ​វិញ​ អ្នក​នាង​នឹង​រៀប​មង្គល​ការ​លើក​ទី៣​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​១២ ខែ​​មករា ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​ OCIC ជ្រោយ​ចង្វារ​។ អ្នក​មេម៉ាយ​កូន​១​ វ័យ​ ៤២​ឆ្នាំ និង​អនាគត​ស្វាមី​ បាន​បោះ​ធៀបការ​ដើម្បីអញ្ជើញ​ភ្ញៀវកិត្តិយស​ទាំង​អ្នក​ក្នុង​រង្វង់​សិល្បៈ និង​ក្រៅ​រង្វង់​សិល្បៈ​ ​មក​ចូលរួម​សាទរ​និង​ធ្វើ​ជា​សាក្សី​ចំពោះ​ចំណង​ស្នេហា​រវាង​អ្នក​នាង​នឹង​ស្វាមី ដែល​ជា​មន្ត្រីនគរបាលស័ក្ដិ៥​។ ​អនាគត​ស្វាមី​ទីបី​របស់​អ្នក​នាង​ លី ម៉ារីណា គឺ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទសារ លោក​ គឺជាមន្ត្រី​នគរបាល​ មាន​ឋានន្តស័ក្តិ​ជា​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​។ មែនទែន​ទៅ​​​ លី ម៉ារីណា ធ្លាប់​​បាន​ឆ្លង​កាត់​អាពាហ៍ពិពាហ៍បរាជ័យ​ចំនួន​២លើក​រួច​មក​ហើយ ដោយ​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​ស្វាមី​ទីមួយ​ បាន​បញ្ចប់​ទៅ​យ៉ាង​លឿន​ប្រៀប​ដូ​ច​ជា​ផ្លេក​បន្ទោរ ដោយ​រួមរស់​ជាមួយ​នឹង​គ្នា​មិន​ទាន់​គ្រប់​១​ខែ​ស្រួល​បួល​ផង ខណៈ​ដែល​អាពាហ៍ពិពាហ៍ទីពីរ​ជាមួយ​នឹង​បុស​អនិកជន​ខ្មែរ-អាមេរិក​ មាន​អាយុ​កាល​ជិត​១០​ឆ្នាំ និង​មាន​ដំណក់ឈាម​រួម​គ្នា​គឺ​កូន​ប្រុស​ម្នាក់​ បាន​ចែក​ផ្លូវ​គ្នា​ដើរ​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​មក​។

ទស្សនា​វីដេអូ​ព័ត៌មាន​ទាំង​ស្រុង​ខាង​ក្រោម

Share.