ប្រមុខបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានគេរំពឹងថា នឹងខកខានដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី២ របស់មេដឹកនាំបរទេសទៅកាន់ទីក្រុងហាណូយ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ចំពេលមានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

លោក Trong ដែលមានអាយុ ៧៩ឆ្នាំ បានកាន់តំណែងជាប្រធានគណបក្សកុម្មុយនិស្តវៀតណាម តាំងពីឆ្នាំ២០១១ លោក គឺជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រព័ន្ធនយោបាយបក្សតែមួយរបស់វៀតណាម ហើយលោក តែងតែជាអ្នកទទួលភ្ញៀវឥស្សរជនបរទេស ក្នុងការជួបប្រជុំជាលក្ខណៈឯកជន។

​យោង​តាម​របៀបវារៈ​ព្រាង​ពី​ក្រសួងការបរទេស​វៀតណាម និង​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បានឱ្យដឹងថា អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅថ្ងៃសុក្រ សប្ដាហ៍នេះ លោក Trong មិនមានគម្រោងជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នោះទេ។

យ៉ាងណាម៉ិញ ក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយអំពីបញ្ហាសុខភាពរបស់លោក Trong នោះទេ។

សូមជម្រាបថា ចាប់​តាំង​ពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ២០២៣ មកដល់ពេលនេះ ប្រមុខបក្សកុម្មុយនិស្តវៀតណាមរូបនេះ មិនត្រូវបានគេឃើញជាសាធារណៈទៀតនោះទេ ខណៈការជួបជាមួយប្រធាន​គណបក្ស​កុម្មុយនិស្ត​ជប៉ុន លោក Kazuo Shii នៅ​ទីក្រុង​ហាណូយ ជាជំនួបចុងក្រោយ៕

ប្រភព៖ CNA

Share.