នៅពេលដែលសាធារណជនកំពុងផ្ទុះការចាប់អារម្មណ៍លេីករណីបុគ្គលិកអាជ្ញាធរជាតិអប្សរា​ វាយ​ ទះ​ ទាត់​ កុមារលក់កូនអណ្ដេី​ក​នៅកសិណប្រាសាទអង្គរវត្ត​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បានចេញសេចក្ដីបំភ្លឺព័ត៌មាន​ បញ្ជាក់ពីរឿងហេតុនោះ​ ដែលទីបំផុតជនបង្កត្រូវបានសម្ថកិច្ចចាប់ខ្លួន។ 

បេីតាមស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៣៥នាទី មានករណីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រើហិង្សាដោយចេតនាទៅលើក្មេងដើរលក់កូនអណ្ដើកនៅមុខប្រាសាទអង្គរ​ ហេីយបន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក ឧត្តមសេនីយ៍ទោ កេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់តាំងកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បី ចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រើហិង្សាដោយចេតនាទៅលើក្មេងដើរលក់កូន អណ្ដើកនៅមុខប្រាសាទអង្គរ។ 

លទ្ធផលនៃការសេីបអង្កេត​ និងស្រាវជ្រាវ​ ត្រូវបានក្រុមព័ត៌មាន​ និងប្រតិកម្មរហ័ស​ននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បញ្ជាក់ថា​ ជាក់ស្តែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងបានធ្វើការសាកសួរជនរងគ្រោះដែលមានឈ្មោះ ណុល សំណាង អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយ ដ្ឋានបច្ចុប្បន្ននៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ 

តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី ខ្លួនបានចាប់សត្វអណ្ដើកចំនួន ៧ក្បាល ពីក្នុងកសិណ អង្គរវត្ត ហើយនៅវេលាម៉ោង ១៧:៣០នាទី ឈ្មោះ ណុល សំណាង និងឈ្មោះ ទី ណើត ភេទប្រុស អាយុ ១៥ឆ្នាំ និងម្នាក់ ទៀតឈ្មោះ បាយ បឺត ភេទប្រុស អាយុ ២២ឆ្នាំ បានដើរលក់កូនអណ្ដើកនៅចំណុចរានហាលអង្គរវត្ត ពេលនោះឈ្មោះ ណុល សំណាង បានលក់ដាច់អស់កូនអណ្ដើកចំនួន ៥ក្បាល បានប្រាក់ចំនួន ៥ម៉ឺនរៀល ស្រាប់តែមានកម្លាំងអាជ្ញាធរ ជាតិអប្សរាមានគ្នាប្រហែលជា៤ ទៅ៥នាក់ ដេញចាប់ពួកគេ ពេលនោះឈ្មោះ ទី ណើត និងឈ្មោះ បាយ បឺត បានរត់ចូល ព្រៃ និងលោតចូលទឹកកសិន្ទុអង្គរអស់ទៅ នៅសល់ឈ្មោះ ណុល សំណាង។ 

សមត្ថកិច្ចបានប្រមូលព័ត៌មានមកបញា្ជក់ទៀតថា​ ណុល​ សំណាង​ ត្រូវបានកម្លាំងអាជ្ញាធរជាតិអប្សរាចាប់បាន ដោយបានចាប់ទាញកអាវជាប់ហើយទះកំភ្លៀងមួយដៃ និងទាត់ចំនួនមួយជើងបន្ថែមទៀត មុននឹងត្រូវបានក្រុមជនបង្កនាំទៅចំណុចក្បែរមាត់ទឹកមុខស្ពានបណ្ដែតទឹកប្រាសាទអង្គរវត្ត ដើម្បីរង់ចាំឡានមកដឹកយកទៅឲ្យជំនាញ។ 

ខណៈ ពេលនោះជនរងគ្រោះយំមិនឈប់ ទើបឈ្មោះ សុខ សៀន​ ជាបុគ្គិកអាជ្ញាធរអប្សរា ស្រែកថា អ្ហែងឈប់យំអត់? ហើយគេបានដើរមកពីមុខ ជនរងគ្រោះ និងធ្វើសកម្មភាពទះកំភ្លៀងចំសៀតផ្កាខាងឆ្វេង និងឈ្មោះ ហៃ រដ្ឋា បានដើរទៅខាងក្រោយជនរងគ្រោះ ទាត់ថែមមួយជើងទៀត ដល់ពេលឡានមកដល់ទើបពួកគេយកជនរងគ្រោះទៅប្រគល់ឲ្យមន្ត្រីបរិស្ថាននៅកន្លែងស្នាក់ ការតំបន់ការពារទេសភាពអង្គរដែលមានទីតាំងនៅទល់មុខចែកសំបុត្រចូលតំបន់អង្គរ។ 

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បានអះអាងថា​ ចំពោះករណីនេះ​ សមត្ថកិច្ចធ្វើការស្រាវជ្រាវនាំខ្លួនជនបង្កមកកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយឈានដល់ការឃាត់ខ្លួន​ ទៅតាមបញ្ជារបស់ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយអ្នកដែលត្រូវបានសម្ថកិច្ចឃាត់ខ្លួន​ រួមមានឈ្មោះ សុខ​ សៀន និងឈ្មោះ ហៃ រដ្ឋា៕

Share.