ទីក្រុងដេលី និងផ្នែកខ្លះនៃភាគខាងជើងប្រទេសឥណ្ឌា បានរងការរំខានដោយអ័ព្ទយ៉ាងក្រាស់ ជាមួយនឹងការថយចុះភាពមើលឃើញ ដែលបង្កបញ្ហាប្រឈមសម្រាប់ជើងហោះហើរ និងផ្លូវរថភ្លើងក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

សីតុណ្ហភាពក្នុងប្រទេសបានធ្លាក់ចុះដល់ ៣.៣អង្សារសេ នៅព្រឹកថ្ងៃចន្ទនេះ ដែលជាសីតុណ្ហភាពត្រជាក់បំផុតក្នុងរដូវកាលនេះ ខណៈសាលារៀននានា ក៏ត្រូវបានបើកបវេសនាការ នៅក្នុងទីក្រុងនាថ្ងៃនេះផងដែរ បន្ទាប់ពីសម្រាក ២សប្ដាហ៍។

រថភ្លើងចំនួន ១៨គ្រឿងទៅកាន់ទីក្រុងដេលី ពីផ្នែកផ្សេងៗនៃប្រទេស ត្រូវបានពន្យារពេលនៅថ្ងៃនេះ ដោយសារអ័ព្ទក្រាស់ៗ ហើយអាកាសយានដ្ឋាន Delhi ក៏​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពីអ័ព្ទ​ក្រាស់ៗ ខណៈ​អ្នក​ដំណើរ​រាប់​ពាន់​នាក់​ ត្រូវរង់ចាំពេលវេលា​សម្រាប់​ជើង​ហោះហើរថ្មី​របស់​ពួកគេ។

យោងតាមគេហទំព័រអាកាសចរណ៍ ហ្វ្លាយរ៉ាដា២៤ (Flightradar24) បានឲ្យដឹងថា យ៉ាងហោចណាស់ជើងហោះហើរ ១៦៨ជើង ដែលចាកចេញពីទីក្រុងដេលី ត្រូវបានពន្យារពេល ហើយជើងហោះហើរចំនួន ៨៤ជើង ត្រូវបានលុបចោលនៅព្រឹកថ្ងៃចន្ទ នេះ។

ទាក់ទិននឹងបញ្ហានេះ ការិយាល័យអាកាសធាតុរបស់ប្រទេសបានព្យាករណ៍ថា នឹងមានអ័ព្ទក្រាស់ និងរលកត្រជាក់នៅទីក្រុងញូវដែលី សម្រាប់ថ្ងៃចន្ទ និង «អ័ព្ទក្រាស់ខ្លាំង» នៅថ្ងៃអង្គារ ជាមួយនឹងសីតុណ្ហភាពអប្បបរមា ៤អង្សារសេ៕

ប្រភព៖ NDTV

Share.