ត្បូងឃ្មុំ៖ ផ្លូវកៅស៊ូមួយខ្សែប្រវែង២៩,៥គីឡូម៉ែត្រ ភ្ជាប់ពីក្រុងសួងមកកាន់ទីរួមស្រុកអូររាំងឪ ដែលរងការខូចខាតពេលនេះពលរដ្ឋរអ៊ូរថា ពិបាកធ្វើដំណើរណាស់ ដោយផ្លូវមានជង្ហុកធំៗ បើនៅខែប្រាំងដីហុយមើលគ្នាមិនឃើញ ឯខែវស្សាវិញគឺរអិល លិចទឹកពិបាកធ្វើដំណើរណាស់ ហើយខាងអាជ្ញាធរខេត្តបានចុះពិនិត្យរួចហើយ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានសន្យាថាធ្វើ តែអាក់ខានមិនធ្វើវិញ ទើបពួកគាត់សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយសម្រួល នឹងពន្លឿនបញ្ហានេះផង។ 

ការលើកឡើងរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថា កាលកន្លងទៅលោក ងួន ប៊ុនណា អភិបាលស្រុកអូររាំងឪបានបញ្ជាក់ថា ផ្លូវដែលទទួលរងការខូចខាតក្នុងស្រុកអូររាំងឪនេះ មានប្រវែង១៥,៥គីឡូម៉ែត្រ ឆ្លងកាត់៣ឃុំ មានឃុំ.ឃុំចក ឃុំទួលសូភី និងឃុំគងជ័យ។ ហើយជុំវិញករណីនេះស្រុកបានរាយការណ៍ និងស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បើសុំចំណាត់ការ។ ហើយលោកបណ្ឌិតអភិបាលខេត្តបានដឹកនាំកម្លាំងចុះសិក្សាពិនិត្យផ្លូវនេះហើយ ដើម្បីជួសជុលសម្រួលឲ្យផុតពីការលំបាកនេះនាពេលឆាប់ៗនេះហើយ។

តាមលោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានមានប្រសាសន៍ថា ផ្លូវកៅស៊ូប្រវែង២៩,៥គីឡូម៉ែត្រនេះ ក្រសួងអភិវឌ្ឍន៍ជាអ្នកទទួលខុសត្រូវ តែស្ថិតក្នុងដំណាក់ការជាក់ស្តែងនេះ លោកបណ្ឌិតអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកអូររាំងឪ ចុះសិក្សាពិនិត្យ ដើម្បីផ្តល់ជាលទ្ធភាពក្នុងការជួលជុលផ្លូវនេះឱ្យប្រសើរឡើងវិញសិន។ 

លោកបានបញ្ជាក់ទៀតថា ចំពោះថវិការដ្ឋបាលខេត្ត ជាអ្នកដោះស្រាយ ដោយជួលជុលផ្លូវប្រើថ្មកាត់ស៉ីសខ្មៅល្អិតៗ បំពេញជង្ហុកផ្លូវដែលខូចខាតទាំងនោះ មានប្រវែង១៥,៥គីឡូម៉ែត្រ ក្នុងស្រុកអូររាំងឪ។ ដោយក្នុងនោះមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត បញ្ជាក្រុមការងារ មានមន្ទីរជំនាញ រួមសហការជាមួយរដ្ឋបាលស្រុកអូររាំងឪ ទទួលជួសជុលផ្លូវនេះ ឱ្យបានប្រសើរឡើងវិញក្នុងពេលឆាប់នេះផងដែរ។ 

តាមប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ក្រោយពីការលើកឡើងរបស់ អភិបាលខេត្តក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ជុំវិញការសន្យាថាជួយជួសជុលផ្លូវនេះនាពេលឆាប់ៗរួមមក ក៏បាត់ដំណឹងឈឹង ដែលជាហេតុធ្វើឱ្យពួកគាត់ សម្រេចចិត្តនាំគ្នាស្នើរសុំសាជាថ្មីទៀត។ ដោយពួកគាត់បានបញ្ជាក់ថា ផ្លូវនេះបានឆ្លងកាត់ឃុំចក ឃុំទួលសូភី និងឃុំគងជ័យ ដោយផ្លូវនេះមានទទឹងតែ៥ម៉ែត្រទេ ហើយវាក៏ពិបាកក្នុងការធ្វើដំណើរបន្តិចដែរ តែបើក្នុងដំណាក់ការក្រសួងមានលទ្ធភាពធ្វើថ្មី ប្រជាពលរដ្ឋក៏ដូចស្រុកសំណូមពរសុំឱ្យពង្រីកផ្លូវឱ្យបានទទឹងពី៦ម៉ែត្រឡើងទៅ ដែលជាផ្លូវកៅស៊ូ ឬបេតុងក៏បាន ដើម្បីឱ្យវាធំ ទូលាយជាងមុន ផ្តល់ភាពងាយក្នុងការអាស្រ័យផល ហើយក៏សំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយជួសជុលធ្វើផ្លូវនេះផង បន្ទាប់ពីចុះសិក្សាជាច្រើនខែ និងបានសន្យាថាធ្វើហើយនោះ។

អត្ថបទ៖ សាន វីឡែម

Share.