ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​បង្ហាញ​វត្តមាន​ជា​កីឡាករ​ក្នុង​ជម្រើស ១១នាក់​ដំបូង​ ក្នុងជំនួប​ប៉ះ​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍ប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្តភាព​យុវ​ជន​​អន្ដរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤ ។

បញ្ចប់ការប្រកួត ក្រសួងអប់រំ យុវជន និងកីឡា ទទួលបាន៣ពិន្ទុ បន្ទាប់​ពីយក​ឈ្នះ​លើ​ក្រុម​ក្រសួង​មហា​ផ្ទៃ ក្នុង​ការប្រកួត​កីឡា​បាល់​ទាត់​ពានរង្វាន់​”មិត្តភាព​យុវជន​អន្តរ​ក្រសួង-ស្ថាប័ន” នៅវិទ្យាល័យបឹងត្របែក នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

សម្រាប់ប្រកួតបន្ទាប់របស់ក្រសួងអប់រំ យុវជន និងកីឡានឹងជួបក្រុមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៩ ខែមករា ដែល​ជា​ប្រកួត​ទី២ របស់ខ្លួន។ ប្រកួតទី៣ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ត្រូវ​ប៉ះក្រុមក្រសួងធម្មការ និងសាសនា នាថ្ងៃទី១៩ កុម្ភៈ មុនបន្តទៅប្រកួតទី៤ របស់ខ្លួន ដោយ​ត្រូវ​តទល់ជាមួយ ក្រុមក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់”មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” ចាប់​ផ្តើម​ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មានក្រុមចូលរួមរហូតដល់ ៣៤ក្រុម ស្មើនឹង ៧២ប្រកួត។ ស​ម្រាប់​លក្ខ​ខណ្ឌចូលរួម រាល់កីឡាករទាំងអស់ ត្រូវតែជាមន្ដ្រីរាជការ ហើយ​ក្រុម​នីមួយៗ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតីកីឡា ទោះបីឈ្នះ ឬចាញ់ គឺជារឿងធម្មតា សំខាន់គឺ​ការរឹត​ចំណង​មិត្តភាព សាមគ្គីភាព និង​បង្កើន​ទំនាក់ទំនងល្អ រវាងគ្នា និងគ្នា រាប់ចាប់ពីមន្ដ្រីរាជការក្នុងការិយាល័យ ឬនា​យក​ដ្ឋាន រហូត​ដល់​ក្រសួង-ស្ថាប័ននីមួយៗ តាមរយៈការប្រមូលផ្ដុំហ្វឹកហាត់ និងការប្រកួតជាដើម ។

ដោយឡែក​សម្រាប់​ក្រុមទាំង ៣៤ក្រសួង-ស្ថាប័ន បែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះ នៅទី លាន​វិទ្យាល័យ​បឹងត្របែក ក្នុងនោះពូលA ដល់ពូលF គឺមាន ៤ក្រុមក្នុងមួយពូល ខណៈពូល G និងពូល H មាន ៥ក្រុម។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដែលត្រូវធ្វើការប្រកួតនៅកីឡដ្ឋានស្ដាតចាស់៕

Share.