សិល្បៈជាតិ៖ ក្រោយការផ្លោងសម្ដីពី Rapper khmer 1 Jivit តែបង្ហាញឈ្មោះចំសំដៅទៅកំពូលតារាចម្រៀង ២ ដួងមានងារជាឧកញ៉ា គឺឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុងកម្មវិធី Podcast មួយនោះ គេសង្កេតឃើញថា រហូតមកទល់ពេលនេះ នៅមិនទាន់រកឃើញទីបញ្ចប់បាននៅឡើយទេ។ ដោយក្នុងនោះ តារាសិល្បៈសែស្រឡាយផលិតកម្ម Galaxy Navatra នៅតែបង្ហោះពាក្យសម្ដីផ្លែផ្កាមួយចំនួននៅលើបណ្ដាញសង្គមជាហូរហែចំពោះបញ្ហារង្កៀសចិត្តនៅក្នុងរង្វង់សិល្បៈចម្រៀងនេះ។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ គឺពាក្យសម្ដីរបស់ឧកញ៉ា ព្រាប សុវត្ថិ ដែលទើបតែលើកឡើងនាពេលថ្មីៗនេះ ដោយបានគូសបញ្ជាក់ឱ្យមហាជនមើលឃើញថា លោកដូចជាមិនមានទំនោរទៅរកការប្រតិកម្ម ឬលោតទៅតាមការញុះញុង ឌឺដង ដៀល ដៀមដាម របស់តារាជំនាន់ក្រោយនោះទេ ប៉ុន្តែលោកបែរជាបានបង្ហាញពីភាពចាស់ទុំក្នុងនាមជាកំពូលតារាចម្រៀងក្នុងការណែនាំតម្រង់ផ្លូវទៅវិញ។

កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ  បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ៖ «ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន ! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៍ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយដើម្បីកំដរអារម្មណ៍ អ្នកស្តាប់ និង អ្នកទស្សនា ។ ចំណែកយើងអ្នកសិល្បៈ ក៏ជា អ្នកស្តាប់គ្នាទៅវិញទៅមកយើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជា ទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ។ ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយ មហាជនគឺជា កញ្ចក់សម្រាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលម្អ ។ សម្រាប់យើងជា អ្នកសិល្បករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាឱ្យមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត់ »។

សម្ដីឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនអ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្ដាញសង្គមពេញចិត្តពេញថ្លើមជាខ្លាំង ខណៈដែលពួកគេលើកឡើងថា លោក ព្រាប សុវត្ថិ ជាសិល្បកររៀមច្បងមួយរូបដែលបង្ហាញភាពចាស់ទុំក្នុងវិស័យសិល្បៈចម្រៀង និងគួរឱ្យគោរពស្រឡាញ់ផ្ដល់តម្លៃកិត្តិយសជូន៕

Share.