សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជា​មួយ​សហព័ន្ធកីឡា​បារាំង ហើយ​កម្ពុជា ក៏​ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ដែល​ចាប់​ដៃ​សហការ​ជាមួយ​ប្រទេស​បារាំង ក្នុងគោលបំណង រឹតចំណងការបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យកីឡាបាល់ទះ។ ចុះអនុស្សារណៈយោគយល់គ្នា ធ្វើ​ឡើង​ក្រោមអធិបតីភាពឯកឧត្តម អភិស​ន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក Eric TANGUY ប្រធាន​សហ​ព័ន្ធកីឡាបាល់ទះបារាំង កាល​ពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម អភិស​ន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដែលបានជួបជាមួយលោក Éric TANGUY ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង ដែល​លោកបានស្កាត់ពីឆ្ងាយធ្វើដំណើរដល់ប្រទេសកម្ពុជាយើងផ្ទាល់តែម្តង ក្នុងប​រិយាកាស​ដ៏សែន​រីករាយ និងស្និទ្ធស្នាល ប្រកប ដោយស្មារតីសាមគ្គីភាព និងភាតរភាពក្នុងថ្ងៃនេះ។

ឯកឧត្តម អភិស​ន្តិបណ្ឌិត ស សុខា បាន​មាន​ប្រសាសន៍ថា៖ ក្នុងនាមគ្រួសារកីឡាបាល់ទះកម្ពុជា ខ្ញុំសូម​ថ្លែងអំណរគុណដល់ភាគីបារាំង ដែលមានលោក Éric TANGUY ជាប្រមុខ​បាន​បញ្ជូន​ក្រុម​បាល់ទះមកប្រកួតមិត្ត ភាពអន្តរជាតិនៅកម្ពុជា កាលពីដើមឆ្នាំ២០២៣ កន្លងទៅ ដែលជាផ្នែកមួយ នៃ​ការ​ផ្សព្វ ផ្សាយ និងពង្រឹងក្រុមកីឡាកររបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម រហូត​ដល់​បញ្ចប់​ការ​ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់អាស៊ាននេះ ដោយជោគជ័យ។

ឯកឧត្តម អភិស​ន្តិបណ្ឌិត បាន​បន្ថែម​ថា៖ ក្រោយបញ្ចប់បេសកកម្មធ្វើជាម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមនាឆ្នាំ២០២៣ ថ្មីៗនេះ កម្ពុជា​ក៏​នឹង​ទទួល​ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ី (Asian Youth Games) លើកទី៦ នៅ​ឆ្នាំ​២០២៩ ខាងមុខ។ ដូច្នេះកម្ពុជា ត្រូវការពង្រឹង​ធនធាន​យុវជន​លើ​គ្រប់ប្រភេទកីឡា បូករួមទាំងកីឡា​បាល់ទះ​យើង​ផងដែរ ដើម្បីចូលរួមការប្រកួតប្រជែង ក្នុងនាមជាម្ចាស់ផ្ទះ។

លោក Eric TANGUY ប្រធាន​សហ​ព័ន្ធកីឡាបាល់ទះបារាំង ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា និង​បាន​ចុះ MOU ជា​មួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែល​ជា​ប្រទេស​ទី១ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ បាន​រួម​គ្នា​ក្នុង​ការអភិវឌ្ឍវិស័យ​បាល់ទះ​ឱ្យកាន់​តែ​រីក​ចម្រើន​បន្ថែម ទៀត។

​​លោក Eric TANGUY ក៏​បាន​ថ្លែងអំណរគុណដល់​សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែល​បាន​អញ្ជើញ​ក្រុម​បាល់ទះ​អាយុ ១៩ឆ្នាំ បារាំង មកប្រកួតមិត្ត ភាពអន្តរជាតិនៅកម្ពុជា កាលពីដើមឆ្នាំ២០២៣ ដែល​បាន​រៀប​ចំទទួល​បាន​យ៉ាង​ល្អ ពិសេស​បាន​ធ្វើ​ឱ្យ ក្រុម​បាល់ទះ​អាយុ ១៩ឆ្នាំ ប្រទេសបារាំង បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ផង​ដែរ។

ប្រធាន​សហ​ព័ន្ធកីឡាបាល់ទះបារាំង ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ ចង់​អញ្ជើញ​កម្ពុជា​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​ប្រទេស​ដែល​ចេះ​និយាយ​ភាសាបារាំង ដើម្បីឱ្យកម្ពុជា​មាន​ឱកាសបាន​ប្រកួត​ជា​មួយ​បណ្ដាល​ប្រទេស​ដែល​ជា​សមាជិក។ ជា​ចុង​ក្រោយ លោក Eric TANGUY បាន​បញ្ជាក់ថា​ការ​ចុះ​អនុ​ស្សារណៈយោគយល់គ្នា នឹងឱ្យវិស័យ​បាលទះនៅ​កម្ពុជា កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត។

គួរបញ្ជាក់​ផង​ដែរ​ថា តាមរយៈកិច្ចព្រមព្រៀងជាដៃគូរវាង​សហព័ន្ធកីឡាបាល់ទះកម្ពុជា និង​សហព័ន្ធ​កីឡាបាល់ទះបារាំង នឹងធ្វើការងារលម្អិត​ជាមួយគ្នាលើផ្នែកជា​ច្រើន​ដូច​ជា៖មានការ​ផ្លាស់ប្តូរ​ចំណេះ​ដឹង សមត្ថភាព និងជំនាញ រវាងគ្រូបង្វឹកជាតិ និងកីឡាករ, ការរៀបចំកម្មសិក្សា, ការអនុវត្តគំរោង​ទាក់ទង​ទៅនឹងការអភិវឌ្ឍកីឡាបាល់ទះ/ បាល់ទះលើឆ្នេរខ្សាច់ ពិសេស​ការផ្លាស់ប្តូរបទពិសោធន៍ នឹងការបណ្ដុះបណ្ដាលកីឡា ករ គ្រូបង្វឹក អ្នកដឹកនាំ អាជ្ញាកណ្ដាលុ។ លើស​ពី​នេះ​ក៏​គ្រោងរៀប​ចំការ​ប្រកួតមិត្តភាព​អន្តរជាតិ របស់ក្រុមជម្រើសជាតិ រវាងគូភាគីននៅលើទឹកដីនៃប្រទេសណាមួយ៕​​​​​

Share.