ត្បូងឃ្មុំ៖ ដាំណាំរុំដេងក៏ជារុក្ខជាតិងាយស្រួលដាំមួយផងដែរ ដោយដាំណាំនេះប្រើរយៈ១២ខែ គឺអាចប្រមូលផលបានហើយ ជាក់ស្តែងរដូវនេះប្រជាកសិករនៅឃុំព្រះធាតុបានចាប់ផ្តើមប្រមូលផលហើយ ដែលក្នុងមួយថ្ងៃៗកសិករ លក់ចេញមិនក្រោម ៣តោននោះទេ។

លោក ឡុក វណ្ណា អាយុ៦១ឆ្នាំ ដែលជាកសិកររស់នៅភូមិទួលព្នៅ បានឱ្យដឹងថា នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនេះ ជាងរៀងរាល់ឆ្នាំមើមរុំដេងត្រូវបានលក់ចេញជាប្រចាំថ្ងៃតែម្តង​ ដោយក្នុង១ថ្ងៃៗមិនក្រោម ៣តោននោះទេ ពោលគឺមានខួបប្រាំង ខួបវស្សាតែម្តង ដោយក្នុង១គីឡូក្រាមតម្លៃ២ពាន់រៀល តែបើខែណារាងខ្សត់អាចឡើងថ្លៃដល់៣ទៅ៤ពាន់រៀលឯណោះ​។ បច្ចុប្បន្ននេះ រុំដេងវាមានទីផ្សារល្អ ងាយលក់ហើយមានម៉ូយចុះទិញដល់ចម្ការតែម្តង ត្រង់នេះហើយទើបធ្វើឱ្យកសិករបាននាំគ្នាពង្រីកផ្ទៃដីដាំដុះកាន់តែច្រើនឡើងៗ ដែរជាហេតុធ្វើឱ្យកសិករកាន់តែមានបច្ចេកទេសក្នុងការដាំច្បាស់លាស់ពីមួយឆ្នាំទៅ១ឆ្នាំ ហើយវាក៏ជាមុខរបរគោលរបស់អ្នកស្រុក ដែលនាំឱ្យពួកគាត់មានការងារធ្វើ និងមានជីវភាពប្រសើរជាងមុន។ 

លោកបន្តទៀតថា គ្រួសារលោកបានប្រកបរបដាំដំណាំរុំដេងនេះជិត៣០ឆ្នាំមកហើយ ដោយកាលពីដើមឡើយគ្រួសារលោក ដាំតែតាមលក្ខណៈធម្មជាតិទេ ហើយត្រូវប្រើពេល២ឆ្នាំទើបអាចប្រមូលផលបាន។ តែឥឡូវគេប្រើពេលតែ១ឆ្នាំទេ គឺអាចចាប់ប្រមូលផលបានហើយ ដោយគាត់មានបច្ចេកទេសក្នុងការដាំដុះបំពាក់បំពន ដោយបានរៀបចំដាក់ទុយោសាចទឹកនៅក្នុងចំការតែម្តង ​ដែលជាហេតុធ្វើឱ្យដំណាំអាចទទួលបានទឹកគ្រប់គ្រាន់លូតលាស់លឿងឆាប់បានប្រមូលផលជាងមុន​ ហើយការប្រមូលផលលើផ្ទៃដី១ហិចតាបានពី៣០ ទៅ៤០តោន ទាំងដីក្រហម និងដីខ្មៅ គឺវាឱ្យផលល្អដូចគ្នា។

ងាកទៅលោក ទ្រី ពៅ មេឃុំព្រះធាតុ បានឱ្យដឹងថា នៅក្នុងឃុំព្រះធាតុមានកសិករចំនួន៥ភូមិបានប្រកបរបដាំរុំដេងនេះ ក្នុងនោះមានដូចជាភូមិទួលព្នៅ ភូមិទួលថ្កូវ ភូមិទួលសំបូរ ភូមិក្បាលទឹក និងភូមិភ្នំ ហើយគិតជាផ្ទៃដីប្រមាណជា៣០ហិចតា។ លោកមេឃុំបន្តថា រដូវនេះកសិករចាប់ប្រមូលផលរុំដេងហើយ ដោយនៅក្នុងឆ្នាំ២០២៤នេះ ផលរុំដេងឱ្យផលល្អជាងឆ្នាំទៅ ព្រោះកសិករបានរៀបចំប្រព័ន្ធទឹកស្រោចស្រពបានត្រឹមត្រូវ មួយវិញទៀតភូមិសាស្ត្រនេះវាមានអំណោយផលល្អ ដង្ហើមទឹករាក់ កសិករអាចបុកអណ្តូងយកទឹកមកប្រើប្រាស់លើដំណាំពួកគាត់បានគ្រប់មុខ ដែលជាកត្តានាំឱ្យការដាំដុះបានផលល្អ នឹងធ្វើឱ្យបងប្អូនប្រជាកសិករមានជីវភាពប្រសើររៀងរាល់ឆ្នាំ៕

អត្ថបទ៖សាន វីឡែម

Share.