ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ក្នុង​​ពេល​ឆាប់​ៗ​ខាង​មុន​នេះ បន្ទាប់​ពី​អាវុធហត្ថរាជធានីភ្នំពេញ បាន​បើក​កិច្ចប្រជុំចាប់​ឆ្នោត​ផ្គូផ្គង​ជ្រើស​រើសក្រុម ចូល​រួម​ប្រកួត​ប្រជែង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​តាម​រយ:ផេក​ Phnom Penh Gendarmerie បាន​បង្ហោះ​កាល​ពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤កន្លង​ទៅ

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក​ឧត្តម​សេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​ដឹកនាំ​កិច្ច​ប្រជុំ​បើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កង​រាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ ព្រម​ទាំង​នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គោល​ការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺ​តម្រូវ​ឲ្យ​អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមានមន្ទីរចំនួន០៧ វរអន្តរាគមន៍​ចំនួន​០​១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ សរុប ២២ អង្គភាព ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយ​ជ្រើស​រើស​កីឡាករ​ចេញ​ពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

សម្រាស់​គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បី​នាំ​មក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្រប​តាមការ​ចង្អុល​បង្ហាញ​ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរ​ភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេស​ការគាំ​ទ្រវិស័យ​កីឡាបាល់​ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​មានតាំង​ពីលោក​នៅ​ជា​មេបញ្ជា​ការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ៕

Share.