សិល្បៈជាតិ៖ កំពូលតារាចម្រៀងមនោសញ្ចេតនា សុគន្ធ នីសា ទើបតែបញ្ចេញឈ្មោះគ្លីនិកថែរក្សាសម្រស់ផ្ទាល់ខ្លួនដែលបានដំណើរការណ៍ និងឈរជើងយ៉ាងរឹងមាំនៅក្នុងវិស័យកែសម្ផស្សអស់រយៈពេល ៥ ឆ្នាំមកហើយ។

ម្ចាស់បទ «ស្រឡាញ់អូនឱ្យច្រើនៗ» រូបនេះ បានបង្ហាញវត្តមាននៅអបអរគម្រប់ខួប ៥ ឆ្នាំរបស់គ្លីនិកថែរក្សាសម្ផស្សដែលមានឈ្មោះថា The K Clinic បានប្រារព្ធឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ។ អ្នកនាងមិនចង់លាក់បាំងហ្វេននោះទេ ប៉ុន្តែអ្នកនាង សុគន្ធ នីសា រង់ចាំដល់រលូនការងារខ្លាំង ទើបឆ្លៀតឱកាសពិសេសនេះបង្ហាញជូនហ្វេនអ្នកគាំទ្រ។

តារាចម្រៀងល្បី សុគន្ធ នីសា បានអះអាងថា គ្លីនិកថែរក្សាសម្រស់របស់អ្នកនាងគឺមានទទួលសេវាកម្មថែរក្សាសម្រស់ទៅលើស្បែកមុខ ដងខ្លួន និង សក់ តាំងពីចាប់ផ្ដើមបើកទ្វារស្វាគមន៍អតិថិជនមកម្ល៉េះ។ អ្នកនាងចែករំលែកវិធីសាស្ត្រថែរក្សាសម្រស់ថា ៖ «សម្រាប់ខ្ញុំសម្រស់ គឺសំខាន់ខ្លាំងណាស់ ព្រោះខ្ញុំបានចាត់ទុកវាជាការស្រឡាញ់ខ្លួនឯង និងចេះមើលថែខ្លួនឯង ហើយភាពស្រស់ស្អាត គឺជាផ្នែកមួយនៃទំនុកចិត្តរបស់ខ្ញុំ។ យើងមិនអាចឃាត់អាយុ មិនឱ្យវិវឌ្ឍទៅមុខបានមែន តែយើងមានជំរើសទប់ស្កាត់ និងថែសម្រស់យើងមិនឱ្យវិវឌ្ឍទៅមុខបាន..!»។

យ៉ាងណាមិញ អ្នកនាង សុគន្ធ នីសា ក៏បានរំលឹកដែរថា ការបើកដំណើរការណ៍គ្លីនិកថែរក្សាសម្ផស្សនេះបានដោយរលូនរយៈពេលយូរឆ្នាំមកនេះ ក៏ដោយសារតែមានការចូលរួមសហស្ថាបនិកផ្សេងទៀតដូចជា លោក អ៊ីង​ គីមជង​ លោក ឈួ​ វួងស្រេង លោកស្រី អ៊ឹង​ គីមជូ និងលោក ហុង​ ប៊ុនណាវីន ដែលជាអ្នកជំនាញៗ។

ចំពោះប្រជាប្រិយភាពការងារសិល្បៈវិញ អ្នកនាង សុគន្ធ នីសា ប្រាប់ទៅកាន់អ្នកគាំទ្រថា «សម្រាប់ការភ័យព្រួយទៅលើប្រជាប្រិយភាព គឺជារឿងធម្មតា ព្រោះយើងជាអ្នកសិល្បៈ ហើយជាអ្នកចម្រៀងទៀត គឺប្រជាប្រិយភាពសំខាន់ណាស់ ហើយប្រសិនបើយើងមិនសូវចេញបទចម្រៀងអ៉ីចឹង អាចធ្វើឱ្យប្រជាប្រិយភាពបាត់បង់ ទៅតាមហ្នឹងដែរ..!»។ ដូច្នោះហើយអ្នកនាងចង់ឱ្យអ្នកគាំទ្រនៅតែបន្តគាំទ្រ និងស្ដាប់បទចម្រៀងរបស់អ្នកនាងជាដរាប។

សូមជម្រាបថា តារាចម្រៀងល្បី សុគន្ធ នីសា បានរយាលដៃពីការចេញបទចម្រៀងថ្មីៗនៅក្នុងផលិតកម្ម ដោយមកផ្ដោតការយកចិត្តទុកដាក់ចំពោះមុខរបរជាច្រើន​ដូចជាការបើកហាងលក់គុយទាវខ្ចប់ ជ្រក់ជើងមាន់ កាហ្វេ ចេកឆឹង និងចុងក្រោយនេះគឺ គ្លីនិកថែរក្សាសម្ផស្សដោយទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនអ្នកគាំទ្រ៕

Share.