សិល្បៈជាតិ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាចម្រៀងស្រីនិយមលេងស្ទាយបញ្ចេញដើមទ្រូង រតនៈ ពិសី ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យស្ងាត់តាមដីកាតុលាការ រួចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។

ជនសង្ស័យឈ្មោះ កែវ ពិសី ហៅ រតនៈ ពិសី ជាតារាចម្រៀង ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ១៩ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានរងបណ្ដឹងរបស់ដើមបណ្តឹងឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ  ជុំវិញ​ករណី​មិន​បំពេញ​កាតព្វកិច្ច លើ​ឧបករណ៍​ដែល​ជួញដូរ​បាន (សែក​ស្អុយ) កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ កន្លងមក ។ ភាគីដើមបណ្តឹង បានដាក់ពាក្យប្តឹងទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងបានធ្វើការកោះហៅឱ្យតារាចម្រៀងស្រីរូបនេះចូលទៅបំភ្លឺនៅនាយកដ្ឋានចំនួន២លើករួចមកហើយ។

តាមប្រភពបានឱ្យដឹងថា ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ បានចេញដីកាបញ្ជាឱ្យជនសង្ស័យឈ្មោះ កែវ ពិសី ភេទស្រី ឱ្យចូលខ្លួនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃឱ្យបានមុនថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងរបស់ឈ្មោះ ផាន សុរិយា ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២៤។

សូមជម្រាបថា ជុំវិញរឿងរ៉ាវជំពាក់ប្រាក់ និងចេញសែកស្អុយនៅពេលនេះ ត្រូវបានតារាចម្រៀងរូបស្រស់ រតនៈ ពិសី អះអាងមូលហេតុថា រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាងរាប់ម៉ឺនដុល្លារ ក៏កំពុងរត់គេចខ្លួនអស់ ពោលគឺទុកឱ្យរូបនាងរ៉ាប់រងសងតែម្នាក់ឯង។ សព្វថ្ងៃនេះ ក្រៅពីអាជីពជាតារាចម្រៀង គេឃើញកញ្ញា រតនៈ ពិសី គឺជាអ្នកលក់កាបូបប្រេនៗនៅលើអនឡាញន៍ផងដែរ៕

Share.