ទឹក គឺជាប្រភពនៃជីវិត! ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ! កត្តិកធ្លាក់ខ្យល់ តម្កល់ទឹកនៅបើចង់បានស្រូវ ស្រេចនៅត្រឹមថែ…។ល។ ពំនោលបុរាណទាំងអស់នេះ សុទ្ធតែបានផ្តល់សារៈសំខាន់ទៅលើទឹកខណៈដែលរឿងនេះបាននិងកំពុងតែក្លាយទៅជាប្រធានបទដ៏រសើបនិងកំពុងត្រូវបានមហាជនចាប់អារម្មណ៍។

បន្ទាប់ពីមានរដ្ឋបាលខេត្តដែលមានសក្តានុពលកសិកម្មជាបន្តបន្ទាប់បានចេញមកប្រកាសអំពី​កង្វះ​ទឹក​ស្រោច​ស្រព​ស្រែ​ប្រាំង​នា​ដើម​ឆ្នាំ​ ២០២៤ ​នេះ ហើយ​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង រឿងនេះត្រូវបានគេលើកយកមកជជែកទាំងនៅតាមវេទិកាសារព័ត៌មាននិងនៅតាមតៀមកាហ្វេ។

បម្រែបម្រួលអាកាសធាតុ កំណើនផ្ទៃដីធ្វើស្រែប្រាំងរបស់ប្រជាកសិករ… បានក្លាយទៅជាទឡ្ហីករណ៍សម្រាប់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធពិសេសមន្ទីរក៏ដូចជាក្រសួងធនធានទឹកនិងឧតុនិយមលើកយកមកពន្យល់ប្រាប់ដល់អង្គភាពសារព័ត៌មាននានាក៏ដូចជាមហាជនពាក់ព័ន្ធទៅនឹងបញ្ហាកង្វះទឹកនេះ។បន្ថែមលើនេះ ក៏គេឃើញមានសកម្មភាពរបស់អាជ្ញាធរពាក់ព័ន្ធពេលចុះទៅបូមទឹក ស្តារប្រឡាយនៅតាមមូលដ្ឋានមួយចំនួនត្រូវបានផ្សព្វផ្សាយផងដែរទាំងនៅលើបណ្តាញទំនាក់ទំនងសង្គមក៏ដូចជាតាមរយៈសារព័ត៌មាន។

ជាក់ស្តែងអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា រដ្ឋមន្ត្រីក៏ដូចជាថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងបាននិងកំពុងតែមានវិធានការជាបន្តបន្ទាប់ទៅលើបញ្ហាកង្វះខាតទឹកសម្រាប់ធ្វើស្រែប្រាំងនេះ តាមរយៈការបញ្ចេញប្រេងបូមទឹកស្តុកទុកជួយសង្គ្រោះស្រូវប្រាំងរបស់កសិករជាដើម។ ក្នុងនោះលោក ថែមទាំង បានលើកឡើងអំពីស្ថានភាពនៃបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ដែលជួបគ្រោះរាំងស្ងួតនិងប្រឈមទៅនឹងបញ្ហាកង្វះខាតទឹកដោយសារតែបញ្ហាសកលគឺបម្រែបម្រួលអាកាសធាតុថែមទៀតផង។អ្នកនាំពាក្យក្រសួងធនធានទឹកដដែល ថែមទាំងបានសង្កត់ធ្ងន់ទៅលើបញ្ហាមួយដ៏គួរឲ្យចាប់អារម្មណ៍ថែមទៀតផង នោះគឺកំណើននៃផ្ទៃដីស្រែប្រាំងដោយសារ ស្រូវបានថ្លៃនៅឆ្នាំនេះ។មានរឿងមួយទៀតដែលលោកបានលើកឡើងដែរនោះ គឺលទ្ធភាពនៃការផ្គត់ផ្គត់ទឹកសម្រាប់ ស្រោចស្រពផ្ទៃដីកសិកម្មនៅទូទាំងប្រទេសដែលមានប្រព័ន្ធធារាសាស្ត្រចំនួនជាង២៣០០នោះ មិនអាចទ្រោលសភាពការណ៍នៃកំណើនផ្ទៃដីស្រែប្រាំងដែលមានប្រមាណជាង៦០ម៉ឺនហិកតាបាននោះឡើយ។យ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ថា ក្នុងចំណោមប្រព័ន្ធធារាស្ត្រទាំងអស់ មានទឹកគ្រប់សម្រាប់បញ្ចូលស្រែរបស់កសិករបានគ្រប់គ្រាន់ដែរឬយ៉ាងណានោះទេ ព្រោះគេខ្លាចក្រែងតំបន់ខ្លះមាន ប្រព័ន្ធប្រឡាយប៉ុន្តែពុំមានទឹកក្នុងប្រឡាយដែលជាក់ស្តែងរឿងនេះ ធ្លាប់បានកើតមាននៅតាមបណ្តាខេត្តមួយចំនួន រួចហើយ ។

default

ការពន្យល់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹកនិងឧតុនិយមនាពេលនេះ ស្តាប់មើលទៅហាក់ដូចជាសមហតុសមផលល្មមនឹងកសិករស្ងប់ចិត្តបាន។​ប៉ុន្តែសម្រាប់អ្នកតាមដានស្ថានការណ៍សង្គមយល់ថា ការចេញមកពន្យល់រួមនឹងវិធានការសង្គ្រោះស្រូវប្រាំងបន្ទាន់នាពេលនេះ គ្រាន់តែជាវិធានការដោះទ័លនិងបណ្តោះអាសន្នតែប៉ុណ្ណោះ ពិតជាមិនបានធ្វើឲ្យកសិករស្ងប់ចិត្តនោះឡើយ។មិនស្ងប់ចិត្ត ដោយសារពួកគេនៅតែបារម្ភថា  តើនៅរដូវប្រាំងខាងមុខៗទៀតបានទឹកមកពីណាសម្រាប់ធ្វើកសិកម្មនៅរដូវប្រាំងពិសេសធ្វើស្រែប្រាំង?

default

ម្យ៉ាងទៀតបើសិនជាគេក្រឡេកមើលទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅប៉ុន្មានអាណត្តិជាបន្តបន្ទាប់ទៅនេះ រួមទាំងរាជរដ្ឋាភិបាលនៅនីតិកាលទី៧នៃរដ្ឋសភានេះផងដែរគឺនៅតែផ្តោតជាសំខាន់លើចក្ខុវិស័យ៤គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបន្ថែម Digitalមួយទៀត។ នេះមានន័យថា ទឹកស្ថិតនៅក្នុងគោលនយោបាយអាទិភាពរបស់រាជ រដ្ឋាភិបាល ហើយថែមទាំងមានក្រសួងមួយជាអ្នកទទួលខុសត្រូវរឿងទឹកនេះថែមទៀតផង។សំណួរដែលក្រសួងឬស្ថាប័ន ពាក់ព័ន្ធរួមគ្នារកចម្លើយនោះគឺ តែត្រូវដោះស្រាយបញ្ហាទឹកនេះដោយរបៀបណា? មិនគួរលើកឡើងថា ដោយសារអាកាសធាតុរាំងស្ងួត ទឹកទន្លេមានកម្រិត ភ្លៀងរអាក់រអួលនៅរដូវវស្សាទើបមិនមានទឹកស្តុកទុកសម្រាប់កសិករនោះទេ

ខ្ញុំយល់ថា ក្រសួងធនធានទឹកដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់ពិនិត្យបន្ថែមទៀតទៅគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់បញ្ចូលបញ្ហាទឹកនៅក្នុងនោះ ហើយរិះរកវិធី ធ្វើយ៉ាងណាប្រើប្រាស់ឲ្យអស់សក្តានុពលនៃប្រព័ន្ធធារាស្ត្រដែលមានក៏ដូចជាស្ថាបនាបន្ថែមទៀតទៅតាមលទ្ធភាពធនធានដែលមានរួមទាំងស្វែងរកជំនួយបន្ថែមក្នុងន័យធ្វើយ៉ាងណាឆ្លើយតបឲ្យបានទៅតាមកំណើនផ្ទៃដៃកសិកម្ម ពិសេសផ្ទៃដីស្រូវប្រាំង។យុគសម័យនេះ ហើយមិនគួរដាក់បន្ទុកឬក៏បន្ទោសមេឃទាំងស្រុងនោះទេ ហើយរឹតតែពុំគួរបន្ទោសទៅលើប្រជាកសិករថែមទៀតខណៈដែលរាជរដ្ឋាភិបាលជាថ្មីម្តងទៀតបានបង្ហាញមហិច្ឆតារបស់ខ្លួនក្នុងការនាំចេញអង្ករ១លានតោនទៅក្រៅប្រទេសនាពេលឆាប់ៗខាងមុខនេះ

Share.