កីឡាករ Bryan Bagunas ជនជាតិហ្វីលីពីន និងកីឡាករ វឿន វាសនា របស់កម្ពុជា កំពុងឈរជាជញ្ជាំងដ៏រឹងមាំឱ្យក្រុម Win Streak នៅលីគ​​បាល់ទះ​តៃវ៉ាន់ (Enterprise Volleyball League) រដូវកាល ២០២៣-២៤ ក្រោយឆ្លងកាត់ ១៤ប្រកួត ឈ្នះ១៣ ចាញ់តែ១លើកប៉ុណ្ណោះ។

កីឡាករ Bryan Bagunas កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៧ អាយុ ២៧ឆ្នាំ និងកម្ពស់ ១.៩៥ម៉ែត្រ រូបធ្លាប់ជួយឱ្យក្រុមជម្រើសជាតិហ្វីលីពីន ឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩។

ស្របពេលដែលកីឡាករ វឿន វាសនា កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០១ អាយុ២៣ឆ្នាំ កម្ពស់ ១.៩៣ម៉ែត្រ ធ្លាប់ជួយឱ្យក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរិទ្ធិ ស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងមេដាយប្រាក់ ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

កន្លងមកកាសែតនៅតៃវ៉ាន់ ក៏ធ្លាប់បានចេញផ្សាយថាកីឡាករ Bryan Bagunas របស់ហ្វីលីពីន និងកីឡាករកម្ពុជា វឿន វាសនា គឺជាដៃគូដ៏ស្អិតល្មួតនៅក្លិប Win Streak សមាជិកលីគ​​បាល់ទះ​​របស់ប្រទេសតៃវ៉ាន់ ផងដែរ។

តារាងចំណាត់ថ្នាក់នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League៖

  1. Win Streak មាន ៣៧ពិន្ទុ
  2. Pingtung Taipower មាន ២៩ពិន្ទុ
  3. Taiwan Falcon មាន ២០ពិន្ទុ
  4. Mizuno មាន ១៦ពិន្ទុ
  5. Conti Sport មាន ៨ពិន្ទុ
  6. Changhua SDTV មាន ៤ពិន្ទុ។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សុំ​ពីន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕

Share.