សិល្បៈ​ជាតិ៖ បន្ទាប់​ពី​តារា​ចម្រៀង​រ៉ែបដ៏​ល្បី​របស់​កម្ពុជា​ វណ្ណដា បាន​ទម្លាក់​តម្រុយបទ​ចម្រៀង​ថ្មី «6 Years in the Games» ដែល​ជា​បទ​ចម្រៀងរួម​គ្នា​ជាមួយ​នឹង​តារា​ចម្រៀង​ជប៉ុន អ្នក​នាង​ Awich ធ្វើ​ឱ្យ​សាធារណជន ពិសេស​អ្នក​គាំទ្រ​វណ្ណដា មាន​ចម្ងល់ជា​ខ្លាំង​តើ​នារី​ស្រស់ស្អាត​រូប​នេះ​ ​គឺជា​អ្នក​ណា​? ហើយ​នាង​មាន​សាវតា​បែប​ណា?

បច្ចុប្បន្ន​ Awich ឬ​មាន​ឈ្មោះ​កំណើត​ Akiko Urasaki មានវ័យ​៣៦​ឆ្នាំ។ តារា​ស្រី​រូប​នេះ​កើត​នៅ​កោះ​អូគីណាវ៉ា នា​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​១៩៨៦ ។ ​ក្រោយ​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​កាល​ពី​ឆ្នាំ​២០០០​ អ្នក​នាង​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​​អ្នក​ចម្រៀង​ Hip hop  ដ៏​មាន​ឥទ្ធិពល​និង​នាំ​មុខ​គេ​មួយ​រូប​នៅ​ប្រទេស​ជប៉ុន​។

តាម​ការ​ស្រាវជ្រាវ​​​ពី​បណ្ដា​វែបសាយ​ល្បីៗ​របស់​ជប៉ុន​ ​Awich មុន​នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ និង​​ប្រជាប្រិយភាព​នៅ​ប្រទេស​ជប៉ុន​ ខ្សែជីវិត​នាង​​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​​និង​ការ​សាក​ល្បង​ជា​ច្រើន​ជំពូក​​។ នៅ​អាយុ​១៩​ឆ្នាំ​ Awich បាន​ចាក​ចេញ​ពី​ផ្ទះទៅបន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ជំនាញ​ Business និង Marketing នៅ​រដ្ឋ​អាត្លង់តា​ សហរដ្ឋអាមេរិក​។ នៅទីនោះ​នាង​បាន​រៀបការជាមួយ​បុរស​អាមេរិកម្នាក់​ដែលត្រូវ​បាន​ចាប់​បង្ខាំង​ក្នុង​ពន្ធនាគារ​ ហើយ​នៅ​ត្រឹម​អាយុ​២០​ឆ្នាំ នាង​មាន​ទម្ងន់​។ ក្រោយ​កូន​ស្រី​កើត​បាន​៣​ថ្ងៃ​ស្វាមី​នាង​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​មន្ទីរឃុំឃាំង​ ប៉ុន្តែ​បែរ​ជា​​ត្រូវ​បាន​គេ​សម្លាប់​។ ថ្វី​ត្បិត​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ប៉ុន្តែ​ Awich បាន​តស៊ូជម្នះ​រហូត​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក Business និង Marketing ។

ស្ថិតនៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​ Hiphop ក្នុង​ប្រទេស​ជប៉ុនគឺជា​រឿង​មួយ​ដ៏​លំបាក​អាស្រ័យ​ដោយ​សារតែមាន​ការ​រើសអើង​ចំពោះ​ស្ត្រី​។ ស្ត្រី​ដែល​មាន​ដើម​កំណើត​ពី​អូគីណាវ៉ា​រូប​នេះ​ តែងតែ​រំលេចមោទនភាព​នៃ​ទឹកដី​កំណើត​របស់​ខ្លួន​តាម​រយៈ​បទ​ចម្រៀង​ដូច​ជា Tsubata (2022) Longiness Remix (2022) និង​បទ​ Rasen in Okinawa (2023)។

ងាក​មក​ជនជាតិ​ជប៉ុននៅ​កម្ពុជា កញ្ញា Yumi ដែល​ជា​ Influencer ផលិត​ Content ជា​វីដេអូ​មួយ​រូបនៅ​លើ​បណ្ដាញសង្គម​ Tiktok ​បាន​ឆ្លើយប្រាប់​អ្នក​គាំទ្រ​​នៅ​ក្នុង​វីដេអូ​មួយ​របស់​ខ្លួន​ ពី​ដៃ​គូ​ចម្រៀង​ថ្មី​របស់​វណ្ណដា គឺអ្នក​នាង​ Awich  ថា Awich​ គឺជា​អ្នក​ចម្រៀង​ Hiphop ឬជា (Rapper) ដ៏​ល្បីមួយ​រូប ដោយ​តារា​ស្រី​រូប​នេះ​ ត្រូវ​បាន​គេ​​ប្រសិទ្ធិនាម​ឱ្យ​ថា​ជា​ រាជិនី​ចម្រៀង Rap នៅ​ប្រទេស​ជប៉ុន។ អ្នក​នាង​ ឧស្សាហ៍​មាន​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី​ធំៗ​និង​ល្បីៗ ក៏​ដូចជា​បង្ហាញវត្តមាន​កិត្តិយស​នៅ​លើ​ប៉ុស្ដិ៍​ទូរទស្សន៍​ជប៉ុន​ផង​ដែរ។

Share.