នៅប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចបានចុះរៀបចំសណ្ដាប់ធ្នាប់ជាបន្ដបន្ទាប់ ចំពោះអ្នកលក់ដូររំលោភចិញ្ចើមផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ ដែលមានជាអាថ៍នៅ ផ្លូវម៉ៅសេទុងតាមបណ្ដោយផ្លូវ ២៣៤ និង ២៣៦ ពោលគឺនៅម្ដុំផ្សារដើមគ ជាដើម។

ការចុះរៀបចំសណ្ដាប់នេះ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ ដែលបានដឹកនាំកម្លាំងចុះល្បាត និងរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវសំខាន់ៗមួយចំនួន ដែលភាគច្រើនអ្នកលក់ដូរមួយចំនួនបានរំលោភចំណីផ្លូវ និងទីតាំងស្មុគស្មាញមួយចំនួន។

ជាក់ស្ដែងនៅថ្ងៃទី ១២ សីហានេះ ការដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នេះ បានឃាត់រថយន្ដចតល្មើសនឹងច្បាប់ចរាចរណ៍សរុបចំនួន ៨គ្រឿង នៅផ្លូវ ៤៨៣ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបាននាំយករថយន្ដ ដែលចតលើផ្លូវធ្វើឲ្យមានការកកស្ទះចរាចរណ៍ យកមកការិយាល័យសណ្ដាប់ធ្នាប់ ដើម្បីធ្វើការផាកពិន័យ តាមច្បាប់។

រយៈពេល២ថ្ងៃមកនេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តាយផ្លូវម៉ៅសេទុង ចាប់ពីស្ពានអាកាសតិចណូ រហូតដល់ផ្សារដើមគរ និងបានរៀបចំសណ្តាប់ធ្នាប់តាមទីតាំងស្មុគស្មាញមួយចំនួន ដែលលក់ដូរតាមចិញ្ចើមផ្លូវបង្កឲ្យមានការបាត់បង់សណ្តាប់ធ្នាប់សារធាណ: និងកកស្ទះចរាចរណ៍ជាដើម។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលនៃការចុះរៀបចំសណ្ដាប់ធ្នាប់ គឺអាជីវករភាគច្រើនបានចូលរួមអនុវត្តតាមការណែនាំ និងវិធាននានារបស់សាលារាជធានីភ្នំពេញ៕

Share.