ភ្នំពេញ ៖ ម៉ូតូតូហុងដាឌ្រីមមួយគ្រឿងជិះបោះពួយលឿនជ្រុលទៅបុកផ្ទប់ជាមួយរុឺម៉កម៉ូតូដឹកបន្លែកំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-4960 ជិះឌុបគ្នា២នាក់ បោះពួយល្បឿនលឿន ពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយរុឺម៉កម៉ូតូដឹកបន្លែ បើកពីកើតទៅលិច ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឱ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ អ្នករួមដំណើររងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅគ្លីនិកក្បែរនោះ ចំណែកជនរងគ្រោះម្នាក់ទៀត ពេលដែលក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ដឹងខ្លួនវិញ ក្រុមសង្គ្រោះគ្រាន់តែជូត លាងរបួសជូន ហើយទៅផ្ទះខ្លួនឯង ចំណែកម៉ូតូនិងរុឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.