ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលផែន សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកបញ្ជាក់ថា កន្លងមកមន្រ្តីការិយាល័យផ្នែកទេសចរណ៍ធ្លាប់បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាលើភ្ញៀវទាំងជាតិនិងបរទេសមួយចំនួនផងដែរ ករណីបន្ទោបង់ទឹកនោមលើឆ្នេរ។

លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលផែន សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក

លោកថា ការងារតាមដាននិងរឹតបន្តឹងអ្នកបន្ទោបង់ពាសវាលពាសកាលលើឆ្នេរនិងតាមដងផ្លូវសាធារណៈគឺជាផែនសមត្ថកិច្ចទទួលខុសត្រូវរួមគ្នា ពិសេសសមត្ថកិច្ចរបស់មន្រ្តីសមត្ថកិច្ចក្រុងព្រះសីហនុ។ ដោយឡែកសមត្ថកិច្ចការិ យាល័យចរាចរណ៍ផ្លូវគោកក៏បានរួមចំណែកជួយការងារនេះផង បន្ថែមពីលើកិច្ចការពារសុវត្ថិភាពនិងជួយសង្គ្រោះភ្ញៀវទេសចរណ៍ពីការលង់ទឹកជាដើម។

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់បន្ថែមថា ករណីភ្ញៀវទេសចរណ៍និងអ្នកធ្វើដំណើរបន្ទោបង់ពាលវាលពាលសមត្ថកិច្ចអាចឃាត់ខ្លួនធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងករណីធ្ងន់ធ្ងរគឺអាចឈានដល់ការបញ្ជូនខ្លួនទៅតាមនីតិវិធីច្បាប់បាន ។

រូបភាពដែលត្រូវអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកចែករំលែកបន្តគ្នារិះគន់បញ្ហាបន្ទោបង់ពាសវាលពាសកាល។

សូមជម្រាបជូនថា ថ្មីៗនេះមានការបង្ហោះរូបភាពបរុសមួយចំនួន បានឈរបន្ទោបង់ទឹកនោមតាមដងផ្លូវសាធារណៈទាំងថ្ងៃតែម្តង ដោយអ្នកប្រើបណ្តាញសង្គមបានរិះគន់ពីឥរិយាបថមិនល្អរបស់ជនទាំងនោះ ខណៈតាមបណ្តោយឆ្នេរមានបង្គន់អនាម័យសម្រាប់បន្ទោបង់។

ជាក់ស្តែងទំព័រហ្វេសប៊ុករបស់អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន និងទំព័រហ្វេសប៊ុកមានគណនីឈ្មោះប្រជាជនខេត្តព្រះសីហនុបានលើកឡើងដូចគ្នាក្នុងសំណេរដើមថា៖«តាមបណ្ដោយឆ្នេរ​យើងមានបន្ទប់ទឹក សាធារណៈ​  រួចហើយដែរ​ តែសុខចិត្តដើរមកបន្ទោបង់ដាក់របងទៅវិញ​។ ប្រាប់ហើយថាកុំ​ តែខ្ញុំមានរូបគឺបង្ហោះហើយ​។ អរគុណអ្នកថតរូបផ្ញើមក​។»៕

Share.