ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី២៥ ខែមករានេះថា បច្ចុប្បន្នស្នងការនគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវបន្តប្រមូលភស្តុតាងជុំវិញករណីយុវជន ៥ នាក់ដែលបង្ហោះចោទថា សមត្ថកិច្ចស្ទឹងមាន ជ័យទី ៣ បានចាប់ឃាត់ម៉ូតូគាបយកលុយពួកគេ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការបញ្ជាក់បែបនេះ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមថា កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការាស់សាំងតេលា ផ្លូវវេងស្រេង មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ។

រូបភាពយុវជនបង្ហោះថាមានសមត្ថកិច្ចគាបស៊ីលុយពួកគេ។

អ្នកនាំពាក្យរបស់ស្នងការរាជធានីភ្នំពេញបន្តថា សមត្ថកិច្ចកំពុងពិនិត្យផ្ទៀងផ្ទាត់ភស្តុតាងដែលប្រមូលបានពីកាមេរ៉ានៅការាស់សាំងប្រេងឥន្ធនៈស្ថិតនៅទីតាំងកើតហេតុ ដើម្បីឱ្យប្រាដកថា តើសមត្ថកិច្ចដែលយុវជនចោទថាបានគាបស៊ីលុយពួកគេនោះជាសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ឬយ៉ាងណា?

យ៉ាងណាទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញក៏បានបំភ្លឺករណីនេះផងដែរ ក្រោយពេលមានការបង្ហោះចោទប្រកាន់មកលើសមត្ថកិច្ចស្ទឹងមានជ័យទី ៣ ​ ដោយស្នងការរាជធានីភ្នំពេញបញ្ជាក់ថា សមត្ថកិច្ចបានកោះហៅយុវជនទាំង៥នាក់នៅរាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ដដែលនោះ ហើយពួកគេឆ្លើយថា ពុំមែនជាសមត្ថកិច្ចស្ទឹងមានជ័យទី ៣ នោះទេ គឺមិនច្បាស់ថាជាសមត្ថកិច្ចខាងណានោះឡើយ។  

ពាក់ព័ន្ធករណីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវ ជ្រាវជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការណ៍ច្បាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់បន្ថែមថា នៅពេលបញ្ចប់ការស្រាវជ្រាវនិងមានព័ត៌មានពិតប្រាដកហើយ នោះស្នងការនឹងធ្វើការផ្តល់ព័ត៌មានតាមក្រោយ៕

Share.