សិល្បៈអន្តរជាតិ​៖ អតីត​តារា​ចម្រៀងក្រុម BigBang លោក Seungri ហាក់​មាន​ភាព​មមាញឹក​ច្រើន​ក្រោយ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ឆ្នាំមុន។ ក្រោយ​ពី​ជួប​ជាមួយ​ក្រុម​បុគ្គល​ល្បីៗ​នា​ប្រទេស​សិង្ហបុរី​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត Formula 1 កាល​ពី​ចុងសប្ដាហ៍​កន្លង​ទៅ​ តារា​រូប​នេះ​ថែម​ទាំង​បាន​បង្កើត​កម្មវិធី​ Fan meet នៅ​ក្នុង​ក្លិប​កម្សាន្ត​ដ៏​ធំ​មួយ​នាប្រទេស​កម្ពុជា​ផង​ដែរ​។ គេ​អាច​មើល​ឃើញ​ថា​ Seungri បាន​កំពុង​តែ​លេច​វត្តមាន​នៅ​ប្លុក​ប្រទេស​ប៉ែក​អាស៊ីអាគ្នេយ៍​។

ត្បិត​សាមីខ្លួន​ព្យាយាម​រក្សា​ឯកជន​ភាព​ក្ដី​ ប៉ុន្តែ​អតីត​សមាជិក​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លោក​រមែង​ចេញ​ចូល​ក្លិប​ជា​ញឹកញយ​នា​ប្រទេស​កូរ៉េ ដើរ​ទទួល​អាហារ​នៅ​កូឡាឡាំពួរ​ និង​ផឹកស៊ីជាមួយ​នឹង​បុគ្គល​ល្បីៗ​នៅ​ឥណ្ឌូណេស៊ី​ កាល​ពីអំឡុង​ខែ​តុលា​ឆ្នាំ​២០២៣​ កន្លង​ទៅ​។

ជា​ពិសេស​នៅ​ក្នុង​ជំនួប​ជាមួយ​ហ្វេន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០២៤ Seungri បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​ថា​នឹង​នាំ​ G-Dragon មក​ប្រទេស​កម្ពុជា​។ អតីត​អ្នក​ចម្រៀង​យុវវ័យ​ដ៏​ល្បី​រូប​នេះ​បានជាប់​ពាក់ព័ន្ធ​នឹង​ករណី​ការ​រំលោភបំពាន ការជួយ​ដូរផ្លូវភេទ ពេស្យាចារ​ ការ​ចែក​ចាយ និង​លក់​ថ្នាំ​ញៀន លាក់​បង្កប់​កាមេរ៉ា​ គេច​ពន្ធ ដូច្នេះ​ហើយ​ប្រជាជន​កូរ៉េ​បាន​បង្ហាញ​អារម្មណ៍​ក្ដៅ​ក្រហាយ និង​ខឹង​សម្បារ ដែល​ឃើញ​សកម្មភាព​របស់​លោក​ត្រូវ​បាន​ចែក​ចាយ​ពេញ​លើ​បណ្ដាញសង្គម​អនឡាញ​។

អតីត​តារា​ចម្រៀង​វ័យ​៣៣ឆ្នាំ​រូប​នេះ​ បាន​អះអាង​នៅក្នុង​វីដេអូ​ថា​ថ្ងៃ​ណាមួយ​លោក​នឹង​នាំ​ G-Dragon។ អ្នក​គាំទ្រ​របស់​ Seungri បាន​អះអាងថា​អតីត​សមាជិក​ក្មេង​ជាង​គេ​របស់​ក្រុម​ BigBang បាន​រៀបចំ​កម្មវិធីជួបជុំ​អ្នក​គាំទ្រ​ និង​ប្រារព្ធ​កម្មវិធី​ខួប​កំណើត​របស់​លោក​។

ប្រជាជន​កូរ៉េ បាន​លើក​ឡើង​ជា​មតិ​ផ្សេងៗ​ក្រោយ​ឃើញ​វត្តមាន និង​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​​របស់​តារា​រូប​នេះ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។ « វ៉ាវ! ខ្ញុំ​ស្មាន​មិន​ដល់​សោះ​ថា​គេ​នៅ​​បាន​ចូល​រួម​កម្មវិធី​» «កុំអាលភ្លេច​ករណី​ក្លិប​ Burning Sun» « G-Dragon ត្រូវ​តែ​ប្ដឹង​គេ​ដែល​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើប្រាស់» «ខ្ញុំ​ភ្ញាក់ផ្អើលណាស់​ដែលក្នុង​វីដេអូ​​ឃើញ​​នៅ​មាន​អ្នក​គាំទ្រ​គេ​ទៀត​» «គាត់​គឺជា​មនុស្ស​អស្ចារ្យ​ម្នាក់ ប៉ុន្តែ​មិន​មែន​ក្នុង​ផ្លូវ​ល្អទេ»៕

Share.