ភ្នំពេញ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បាន ប្រកាសថា ការចុះឈ្មោះភ្នាក់ងារគណ បក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោតចំពោះគណបក្សនយោបាយ ដែលបានចុះបញ្ជី ឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ។ នេះបើតាមការឱ្យដឹងពី គ ជ ប តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ។

ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៦ ខែមករា នេះថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមា ជិក ព្រឹទ្ធសភា មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប គឺភ្នាក់ងារពេញសិទ្ធិ ១រូប និងភ្នាក់ងារបម្រុង ១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ នៅតាមរាជធានីខេត្តនៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។

ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប។

ប៉ុន្តែបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំង ប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោ បាយ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។

ឯកឧត្តមបានបន្តថា ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ(ទ .១០០៧) ត្រូវធ្វើជា៣ច្បាប់ តាមគំរូទម្រង់ដែលកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយ អាចទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយពី គ.ជ.ប ដែលមាន ចែកជូនដោយឥតគិតថ្លៃ ឬអាចទាញយក ពីគេហទំព័ររបស់ គ.ជ.ប (www.nec. gov.kh)។

ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ .១០០៧) ត្រូវចុះហត្ថលេខា ដោយប្រធាន ឬតំណាង គណ បក្សនយោបាយ ដែលទទួល បានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយលើកលែង តែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

សូមបញ្ជាក់ថា គណបក្សនយោបាយចំនួន​៤ បានចុះបញ្ចីចូលរួមប្រកួតប្រជែងការបោះឆ្នោតអសកលនេះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, និងគណបក្សហ៊្វុនស៊ិនប៉ិច ខណៈការបោះ ឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងបច្ចុប្បន្នចំនួន ១២៥នាក់ ក្នុងនោះស្ត្រី១៧នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន១១.៦២២នាក់ ក្នុងនោះស្ត្រី២.៥៦៨នាក់។

គ.ជ.ប បានបញ្ជាក់ឱ្យដឹងថា ការិយាល័យសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ មានចំនួន៣៣ការិយាល័យ៕

Share.