សំណង់អគារចាស់តាំងពីទសវត្ស៦០ បានបាក់សំយ៉ាបកៀនផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋរស់នៅខាងកើតផ្សារអូរឫស្សី ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ២០២១។ ហេតុការណ៍បាក់សំយ៉ាប់ផ្ទះនេះ កើតមានតាំងពីថ្ងៃទី១០ ខែសីហា វេលាម៉ោង ៨យប់ ប៉ុន្ដែហេតុការណ៍នេះ នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយរហូតមកដល់ថ្ងៃទី១៣ សីហានេះ។

ប្រភពពីប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុបានហឲ្យដឹងថា សំយ៉ាបផ្ទះនេះ គឺបាក់ធ្លាក់ដោយឯកឯង ព្រោះតែសំណង់នេះចាស់ហើយធ្លាប់មានប្រវត្តិធ្លាប់មានអគ្គីភ័យ កាលពីពេលកន្លងមក។ សំណង់នេះ បានសាងសង់ឡើងនៅអំឡុងទសវត្ស៦០មកម៉្លេះ។

ប្រភពដដែលបានឲ្យដឹងថា ចៅសង្កាត់ និងមន្រ្តីសង្កាត់អូរឫស្សីបានចុះមកពិនិត្យច្រើនដង និងបានធ្វើរបាយការណ៍ទៅលើហើយ ប៉ុន្ដែនៅមិនទាន់មានដំណោះស្រាយយ៉ាងណានោះនៅឡើយទេ ជាហេតុធ្វើឲ្យការបាក់សំយ៉ាបកៀនផ្ទះនេះ នៅមិនទាន់បានដោះស្រាយ ដោយគ្រាន់តែ ហ៊ុំខ្សែព័ទ្ធជុំវិញ ដើម្បីកុំឲ្យមានមនុស្សឆ្លងកាត់ ខ្លាចមានគ្រោះថ្នាក់បន្ថែមទៀត។

រាប់ពីជាន់ក្រោម អគារដែលបាក់សំយ៉ាបនេះ គឺមានកម្ពស់ ៣ជាន់ ដែលសំយ៉ាបទាំង៣ជាន់បានបាក់ស្ទើរទាំងស្រុកមកខាងក្រោម បណ្ដាលឲ្យថ្មសំយ៉ាបបែបបាក់ ក្លាយជាគំនរឥដ្ឋ ព្រមទាំងផ្ទាំងស័ង្កសីសំយ៉ាប ក៏បានបាក់រាបដល់ដី ឯខ្សែភ្លើង ខ្សែកាប ក៏បានធ្លាក់មកក្រោមដូចគ្នាដែរ។ យ៉ាងណាមិញ ហេតុការណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ព្រោះបាក់ធ្លាក់នៅពេលយប់ជាទីស្ងប់ស្ងាត់។

ប្រជាពលរដ្ឋ នៅម្ដុំអូរឫស្សី បានខ្សឹបប្រាប់ត្រយងថា មិនមែនមានតែអគារមួយនេះទេ ដែលមានស្ថានភាពប្រឈម ក៏មានអគារផ្សេងៗ ក៏ប្រឈមដែរព្រោះតែសំយ៉ាបខ្លះ ក៏ពុកផុយ ឃើញសសៃដែកទៅហើយ ដោយម្ចាស់ផ្ទះខ្លះបានជួសជុល ធ្វើឲ្យស្អាត ឯម្ចាស់ខ្លះនៅមិនទាន់ជួសជុលព្រោះតែស្ថានភាពជីវភាព ជាដើម។

តើប្រិយមិត្តធ្លាប់បានទៅតំបន់ខាងកើតអូរឫស្សី ហើយមានយោបល់យ៉ាងណាដែរជុំវិញ អគារចំណាស់ៗ ដែលមានអាយុកាលយ៉ាងតិច ៥០ ទៅ ៦០ឆ្នាំមកនេះ?

Share.