សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅ​ល្ងាច​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ​បាន​ប្រកាស​ចែក​ផ្លូវ​ជា​មួយលោក Kazunori Inoue គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ និង យុវជន​អាយុក្រោម១៥ឆ្នាំនៃមជ្ឈមណ្ឌលសាលាជាតិ (បាទី) ដែលនឹងត្រូវចាកចេញពីប្រទេសកម្ពុជា នៅ​ចុង​ខែមករា ឆ្នាំ២០២៤នេះហើយ។

លោក KAZUNORI INOUE បង្គោលក្រុមជម្រើសជាតិកម្ពុជា U16 និង U15 យុវជន​សាលា​បាល់​ទាត់​ជាតិ បាន​បង្ហាញ​ចំណាប់​អារម្មណ៍យ៉ា​ដូច​ច្នេះថា៖ សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ KAZUNORI INOUE ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ និង យុវជន​អាយុ​ក្រោម ១​៥ឆ្នាំនៃមជ្ឈមណ្ឌលសាលាជាតិ(បាទី)។ ខ្ញុំនឹងចាកចេញពីប្រទេសកម្ពុជា នៅចុងខែមករា ឆ្នាំ២០២៤ នេះហើយ។

លោក បន្តថា៖ ខ្ញុំទទួលបានឪកាសបង្វឹកបាល់ទាត់ក្នុងប្រទេសកម្ពុជាអស់ មួយរយៈពេលវែង ដោយ​លើកទី១ នៅខែកុម្ភៈ ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៨ និងលើកទី២ ពីខែកុម្ភៈ ឆ្នាំ២០១៩ ដល់ខែ មករា ឆ្នាំ២០២៤។ ក្នុង​កំឡុងពេលនេះ យើងអាចអនុវត្តសកម្មភាពការងារសម្រេចបាន ដោយ​សារ​កិច្ច​សហប្រតិបត្តិការដ៏អស្ចារ្យ របស់អ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងសម្ថភាពរបស់យើង។

លោក​បាន​បន្ថែម​ថា៖ ខ្ញុំបានចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជាជា យូរមកហើយ ហើយ​ក៏មាន​សេច​ក្តីរីក​រាយ​ជាខ្លាំងដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា។ ខ្ញុំសូម​ថ្លែអំណរ​អរគុណ​យ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន សៅ សុខា អនុប្រធាន ខៀវ សាមេត លោកអគ្គលេខា ធីការ កែវ សារ៉េត បុគ្គលិក ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ក្នុងសហព័ន្ធបាល់ទាត់កម្ពុជា ហើយ​ក៏អរគុណផង ដែរ ចំពោះក្លឹបនិងសាលាបាល់តំរង់ទិសទាំងអស់ ដោយ​បាន​សហការ​ក្នុង​ការ​បញ្ជូន​កីឡាករ​សម្រាប់ក្រុមជម្រើស ជាតិ និងរាល់សកម្មភាពក្នុងមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិ និងអរគុណដល់បុគ្គលិកទាំងអស់នៅក្នុង មជ្ឈម​ណ្ឌលសាលាបាល់​ទាត់ជាតិ​ដែល​បានគាំ​ទ្ររាល់​សកម្មភាព​អោយសម្រេចបានជោគជ័យ និងចំពោះ កីឡាករទាំងអស់ ដែលបានហ្វឹកហាត់ជាមួយ
និង​ដល់​អាជ្ញាកណ្ដាលទាំងអស់គ្នាផងដែរ។

ជាចុងក្រោយ​លោក​បាន​បញ្ជាក់ថា៖ ក្រុមគ្រូបង្វឹកព្រមទាំងក្រុមគ្រូបង្វឹកនិងកីឡាករគូរប្រកួត ជាចុង​ក្រោយ​នេះ ខ្ញុំសូម​ថ្លែងអំណរ​គុណ​ចំពោះ​​អ្នកគាំទ្រទំាងអស់ដែលតែងតែគាំ​ទ្រយ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត ជម្រើសជាតិរបស់ខ្ញុំកន្លងមក និង​ចំពោះប្រជាជនកម្ពុជាដែលតែងតែ ជួយ​គាំទ្រ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំក្នុង កំឡុងពេល​រស់​នៅ​ប្រទេស​កម្ពុជា។ អរគុណច្រើនអ្នកទាំងអស់គ្នា។ ទោះ​បីខ្ញុំ​ចាក​ចេញ​ពី​ប្រទេសកម្ពុជា ប៉ុន្តែ​ខ្ញុំសូម​ជូនពរ​អោយបាល់ទាត់កម្ពុជាបន្តរីកចម្រើនទៅមុខជានិច្ចជួប គ្នា​ម្ដង​ទៀតពេលក្រោយ៕

Share.