វ័យ​៣៩​ឆ្នាំ ជា​កំណត់ត្រា​កីឡាករ​វ័យ​ចំណាស់​ជាង​គេ​ទាំង​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League, លីគ​ទី២ Cambodian League 2 និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន Hun Sen Cup រដូវកាល​នេះ លោក កាំង សេន ដែល​ជា​ប្រធាន​ក្លិប​បាល់ទាត់ ISI ដង្កោសែនជ័យ ព្រម​ទាំង​បាន​ចុះ​បញ្ជី​ជា​កីឡាករ​ផង​នោះ បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ជា​ផ្លូវការ​ហើយ កាល​ពី​ពេល​ថ្មីៗ។

បុរស​កើត​ក្នុង​ឆ្នាំ​១៩៨៤ រូប​នេះ​​ត្រូវ​បាន​លោក​គ្រូ​បង្វឹក John Botioba ជនជាតិ​កាមេរ៉ូន ដាក់​ក្នុង​បញ្ជី​១១នាក់​ដំបូង ប្រកួត​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ជើង​ទី២​នៃ​ពានរង្វាន់ Hun Sen Cup 2023-24 ជើង​ឯក​ថ្នាក់​ជាតិ ក្នុង​ជំនួប​ទទួល​ក្រុម​​បាល់ទាត់​អង្គរស៊ីធី លើ​ទីលាន​AIA Stadium, KMH Park តំបន់​ផ្លូវ​វេងស្រេង រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃ​ពុធ ទី​​២៤ ខែ​មករា ឆ្នាំ​២០២៤ ថ្មីៗនេះ។

បង្ហាញ​ខ្លួន​បាន​៧០​នាទី លើ​ទីលាន កីឡាករ កាំង សេន ម្ចាស់​អាវ​លេខ​៩ ត្រូវ​បាន​​ប្តូរ​ចេញ​ជំនួស​វិញ​ដោយ​​កីឡាករ ហាវ សុខនេត្រ គ្រា​ដែល​ក្រុម ISI ដង្កោសែនជ័យ កំពុង​នាំ​មុខ​ក្រុម​ភ្ញៀវ​៥ទល់០ ទៅ​ហើយ​នោះ។ អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​គឺ​ថា​លោក John Botioba មិន​បាន​ដាក់​​កីឡាករ​បរទេស​របស់​លោក​អោយ​ចូល​ប្រកួត​នោះ​ទេ​ពោល​គឺ​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធសាធ។

តែ​យ៉ាងណា​លទ្ធផល​នៃ​ការប្រកួត​នេះ​បញ្ចប់​ទៅ ដោយ​ ISI យក​ឈ្នះ អង្គរស៊ីធី ៩-០ ខណៈ​ដែល​ជើង​ទី១​ប្រកួត​នៅ​ខេត្ត​សៀមរាប ISI ធ្លាប់​បាន​ឈ្នះ​អង្គរស៊ីធី ៧-០ ម្តង​រួច​ទៅ​ហើយ។ ដូច្នេះ ISI កក់កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។

គេ​នៅ​ចាំ​បាន​ថា​លោក កាំង សេន ធ្លាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំការ​ប្រកួត​ក្នុង​ជំនួប​ឈ្នះ ៦-០ ទល់​នឹង​ខេត្ដឧត្ដរមានជ័យ នៅកីឡដ្ឋាន Smart RSN នៃ​​ពានរង្វាន់ Hun Sen Cup វគ្គជម្រុះ​១៦​ក្រុម​ចុងក្រោយ ថ្នាក់​ជាតិ​ផង​ដែរ​កាល​ពី​ឆ្នាំ​២០២២ កន្លង​ទៅ ក្រោយ​ប្ដូរ​ចូល​នៅ​នាទី ៦២ ហើយ​រក​បាន​គ្រាប់​បាល់​១គ្រាប់ និង​បញ្ជូន​បាល់​អោយ​មិត្ដរួមក្រុម១លើក។

អំឡុង​ពេល​ដែល​ក្រុម ISI ដង្កោសែនជ័យ ប្រកួត​ប្រជែង​ក្នុង​ពានរង្វាន់​ Cambodian League Cup នៅ​ឆ្នាំ​២០២២ កន្លង​ទៅ​លោក កាំង សេន ក៏​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ជួយ​ក្រុម​ដែរ ព្រម​ទាំង​រក​បាន​គ្រាប់​បាល់​១គ្រាប់ ទល់​នឹង​ក្រុម​ណាហ្គាវើល នៃ​ជំនួប​បើក​ឆាកក្នុង​ពូល​ទៀត​ផង ក្រោយ​ប្តូរ​ចូល​នៅ​នាទី​៨០ លើ​ទីលាន​កីឡដ្ឋាន AEU Park។

ក្រុម ISIដង្កោសែនជ័យ បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពានរង្វាន់​លីគ​ទី២​ពី​ឆ្នាំ​២០២០ ដល់​២០២២ ហើយ​មាន​ឈ្មោះ​ឡើង​ចូល​លេង​ក្នុង​លីគ​កំពូល​កម្ពុជា នៅ​រដូវកាល​២០២៣-២៤ នេះ ស្រប​ពេល​ដែល​ក្លិប​ឈរ​ទីតាំង​នៅ​​ក្បែរ​ផ្សារ​ K-Mall តាម​បណ្តោយ​ផ្លូវ​វេងស្រេង ហើយ​លោក កាំង សេន ក៏​ចុះ​ឈ្មោះ​ធ្វើ​ជា​កីឡាករ​តាំង​ពី​ចាប់​ផ្តើម ដល់​បច្ចុប្បន្ន ផង​ដែរ៕

រូបថត៖ ISI ដង្កោសែនជ័យ

Share.