ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ក្លិប​បើក​ទទួល​ម្ចាស់​ឧបត្ថម្ភ​ក្នុង​កញ្ចប់​ថវិកា​ចាប់​ពី​ $៥០០ (២លាន​រៀល)​ឡើង​ទៅ។

បើតាម​សេចក្តី​​ប្រកាស​ព័ត៌មាន​របស់​ក្លិប​បញ្ជាក់​ថា​ឱកាស​នៃ​ការ​ឧបត្ថម្ភ និង​ភាព​ជា​ដៃ​គូ​ជាមួយ​ក្លិប​សម្រាប់​រដូវកាល​ថ្មីឆ្នាំ 2024-2025 ជាមួយ​នឹង​កញ្ចប់​ឧបត្ថម្ភ ឬ​ភាព​ជា​ដៃគូ ចាប់​ផ្តើម​ពី $៥០០ ប៉ុណ្ណោះ។ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ ក្រុមហ៊ុន​​ដៃគូ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​​ដូចជា៖

  • ឡូហ្គោល​របស់​ភាគី​​​ក្រុមហ៊ុន​នឹង​ត្រូវ​បាន​បង្ហាញ​យ៉ាង​លេច​ធ្លោ​នៅ​លើ​ឯកសណ្ឋាន​របស់​ក្លិប​ ការ​ដាក់​ឈ្មោះ​កីឡដ្ឋាន​ទៅ​តាម​អត្តសញ្ញាណ​ក្រុមហ៊ុន​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។
  • ភាគី​ក្រុមហ៊ុន​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​លើ​សម្ភារៈ​ផ្សព្វផ្សាយ​របស់​ក្លិប រួម​ទាំង​គេហទំព័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ នានា។
  • ភាគី​ក្រុមហ៊ុន​​នឹង​មាន​ឱកាស​រៀបចំ​ព្រឹត្តិការណ៍ និង​ការ​ផ្សព្វផ្សាយ​ដោយ​កីឡាករ​របស់​ក្លិប។
  • ក្លិប​ក៏​មាន​ផ្តល់​ជូន​កញ្ចប់​ឧបត្ថម្ភ​ជា​ច្រើន​ប្រភេទ ទៅ​តាម​តម្រូវការ​ និង​កញ្ចប់​ថវិកា​របស់​ភាគី​អ្នក​ឧបត្ថម្ភ។

ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ មាន​លោក Akihiro Kato ជា​ប្រធាន​ក្លិប កំពុង​ឈរ​ជើង​នៅ​ទឹកដី​ខេត្ត​សៀមរាប ដោយ​កំពុង​រៀបចំ​សាងសង់​កីឡដ្ឋាន​ផ្ទាល់​ខ្លួន ក្នុង​រដូវកាល​ថ្មី​ខាង​មុខ ខណៈ​បច្ចុប្បន្ន​ក្លិប​ប្រើប្រាស់​កីឡដ្ឋាន​ហនុមាន បណ្ដោះអាសន្ន៕

Share.