ត្បូងឃ្មុំ៖ កសិករភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ បានងាកមកពង្រីកការចិញ្ចឹមជ្រូកព្រៃបន្ថែមទៀត ព្រោះការចិញ្ចឹមជ្រូកព្រៃស្រួលចិញ្ចឹមជាងជ្រូកស្រុកឆ្ងាយ ដោយវាធននឹងអាកាសធាតុ ស៉ីចំណីមិនរើស ហើយងាយស្រួលលក់ទាំងកូន ទាំងជ្រូកសាច់ គឺក្នុង១ឆ្នាំអាចលក់បានរហូត៣ដងឯណោះ។

លោកស្រី ពុត សុខជា អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីមុខរបរចិញ្ចឹមមាន់ដ៏មមាញឹក គ្រួសារគាត់បានជ្រើសរើសការចិញ្ចឹមជ្រូកព្រៃបន្ថែមទៀត ដើម្បីបន្ថែមចំណូលសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើង។ ដោយសព្វថ្ងៃគាត់បានចិញ្ជឹមចំនួន៤០ក្បាល ឈ្មោល១ក្បាល មេ៥ក្បាល ក្រៅពីនោះជ្រូកសាច់ទាំងអស់។ ដែរដើមឡើយគាត់បានទិញពូជមកពីខេត្តរតនៈគីរី ព្រោះវាអាចចិញ្ចឹមផ្សំនៅក្នុងស្រុកបាន ពិសេសវាស៉ីចំណីមិនរើសទេ ស៉ីតាមបែបធម្មជាតិ ស្លឹកឈើ ស្មៅ មើមដំឡូង កន្ទក់ បាយ ។ល។

លោកស្រីបន្តថា ការចិញ្ចឹមជ្រូកព្រៃនេះ មួយឆ្នាំយើងអាចលក់បាន៣ដង ដោយមេ១ក្បាលអាច់ផ្តល់កូនមិនក្រោម១០ក្បាលនោះទេ គឺវាបានកូនច្រើ ហើយពេលយើងលក់គឺលក់ម៉ៅ១ក្បាលៗតែម្តង ដែល១ក្បាលអាចពី៣៥ម៉ឺន ទៅ៤០ម៉ឺនរៀល។ ឯកូនវិញលក់ក្នុង១ក្បាល៣៥ម៉ឺនរៀល ពោលគឺគេពេញនិយមហូបណាស់ ព្រោះជ្រូកព្រៃសម្បូរណ៍សាច់គ្មានខ្លាញ់ទេ ស្បែកក្រាស អាចយកទៅខ្វៃ ដុត អាំង ឆា តាមចិត្តចង់ កត្តានេះហើយទើបធ្វើឱ្យពួកគាត់ អាចរកប្រាក់ចំណូលបានគួរជាទីពេញចិត្ត ទោះបីជាវាហត់មែន តែផលកម្រៃអាចទទួលយកបាន គ្រួសារមិនលំបាកទេ កាន់តែហត់ កាន់តែបានប្រាក់បានច្រើន និងធ្វើឱ្យជីវភាពគ្រួសារគាត់បានធូរធាជាងមុន។ 

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា នៅក្នុងខេត្តយើងនេះ កសិករចិញ្ចឹមជ្រូកព្រៃមានចំនួន៣ន្លែង ក្នុងស្រុកត្បូងឃ្មុំមាន២កន្លែង និងស្រុកអូររាំងឪ១កន្លែង សរុបជ្រូកទាំងអស់មានចំនួន៥០០ក្បាល។ កសិករនិយមចិញ្ចឹមជ្រូកព្រៃ ឬជ្រូកកណ្តុរនេះ ព្រោះវាធននឹងអាកាសធាតុ ជំងឺ វាស៉ីមិនរើស តាមបែបធម្មជាតិ គេនិយមហូបសាច់វាណាស់ ហើយស្រួលលក់។

អត្ថបទ៖ សាន វីឡេម

Share.