ភ្នំពេញ៖ ជនបរទេសម្នាក់សង្ស័យមានសតិមិនប្រក្រតី មកអង្គុយលើស្មៅភ្លឺប្រឡាយក្បែរស្ពានហង្សសុខៗ ស្រាប់តែរត់ចុះចំណោតប្រឡាយបណ្ដាលឱ្យដួលរួចងើបឡើងលោតចូលទៅក្នុងប្រឡាយហែលទឺកបណ្ដែតខ្លួនមកដល់ក្រោមស្ពានហង្សក៏លិចបាត់ ឃើញដូច្នេះប្រជាពលរដ្ឋក៏ចុះទៅជួយស្រង់ឡើងនៅលើគោក ជាអកុសល្យ ជនរងគ្រោះបានបាត់បងជីវិតទៅហើយ នាវេលាម៉ោង២:៣០ នាទីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចប្រឡាយទឹកក្រោមស្ពានហង្សក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុ គេឃើញជនរងគ្រោះជាជនបរទេសបានមកអង្គុយលើស្មៅក្បែរស្ពានហង្សតែម្នាក់ឯង មួយសន្ទុះក្រោយមកក៏រត់ចុះចំណោទប្រឡាយបណ្ដាលឱ្យដួល រួចក៏ក្រោកឡើងវិញលោតចូលទៅក្នុងប្រឡាយហែលទឹកបណ្ដែតខ្លួនដល់ក្រោមស្ពានក៏លិចទៅបាត់ ភ្លាមៗប្រជាពលរដ្ឋឃើញដូច្នោះក៏នាំគ្នាចុះទៅជួយស្រង់ឡើងមកលើគោកដើម្បីជួយសង្រ្គោះ តែជាអកុសល្យជនគ្រោះបានស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកន្លែងកើតហេតុ។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រាន់តែដឹងថាមានវ័យប្រហែល៣០ឆ្នាំជាង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រាយការណ៍ជូនទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យនិងស៊ើបអង្កេតនៅទីតាំងកន្លែងកើតហេតុ រួចបានធ្វើកំណត់ហេតុ នឹងដើម្បីស្វែងរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.