ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ ជើង​ឯក​ថ្នាក់ជាតិ ឃើញ​ថា​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ចំនួន​២​ក្រុម​បាន​ធ្លាក់​ចេញ​ពី​ការប្រកួត​នៅ​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ​មុន​គេ បើ​ធៀប​នឹង​ក្រុម​ដែល​​ធ្លាប់​ឈ្នះ​ជើង​ឯក​ផ្សេង​ៗ។

ក្រុម​បាល់ទាត់​ទាំង​២​នោះ គឺ​ក្រុម​សមាគម​ក្រសួង​មហាផ្ទៃ ដែល​ធ្លាប់​ជើង​ឯក​នៅ​ឆ្នាំ​២០១៤ និង​ក្រុម​កងយោធពលខេមរភូមិន្ទ (Tiffy Army FC) ម្ចាស់​ជើង​ឯក​៣សម័យកាល គឺ​នៅ​​ឆ្នាំ​២០១០, ២០១៦ និង​២០១៨។

ដូច្នេះ​អតីត​ម្ចាស់​ជើង​ឯក​ដែល​នៅ​សល់​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​មាន​ដូចជា៖
១) ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩)

ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ។

ចំណែក​កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​នៅ​ឆ្នាំ​២០២៣-២៤ នេះ​មាន​ដូចជា៖
គូទី១) ណាហ្គាវើល ប៉ះ ព្រះខ័នរាជស្វាយរៀង
គូទី២) ភ្នំពេញក្រោន ប៉ះ គីរីវង់សុខសែនជ័យ
គូទី៣) វិសាខា ប៉ះ ព្រៃវែងអែហ្វស៊ី
គូទី៤) អាយអេសអាយ ដង្កោសែនជ័យ ប៉ះ បឹងកេត

អត្ថបទពាក់ព័ន្ធ៖កីឡាករ១១​នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ពានរង្វាន់ Hun Sen Cup ជើង​ឯក​ថ្នាក់​ជាតិ

តាម​គម្រោង​ការប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ​នេះ នឹង​ធ្វើ​ឡើង​ប្តូរ​ទឹកដី​គ្នា​ទៅ​មក មាន​២ប្រកួត ដោយ​ជើង​ទី១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ហើយ​ជើង​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ហើយ​ក្រុម​ខ្លាំង​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

Share.