កាលពីយប់ថ្ងអាទិត្យ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋានខេត្តស្វាយរៀង សប្តាហ៍ទី២០ ស្របពេលអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋានមានចំនួន ៤០៦៨នាក់។

នៅពេលចប់ការប្រកួតអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង ក៏បានប៉ះទង្គិចជាមួយអ្នកគាំទ្រភ្នំពេញក្រោន រហូតឈានដល់ការវាយប្រតាយប្រតប់គ្នាយ៉ាងខ្លាំង។

ដោយឡែកនៅថ្ងៃចន្ទ ទី៥ ខែកុម្ភ: ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានចេញសេចក្ដីថ្លែងការណ៍ជុំវិញករណីហិង្សាដូច្នេះថា៖«សូមសម្តែងនូវការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រោយពីការប្រកួតរបស់យើងទល់នឹងភ្នំពេញក្រោនបានបញ្ចប់ មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រភ្នំពេញក្រោន នឹងអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង។ ក្នុងនាមយើងម្ចាស់ផ្ទះ ពិតជាមានសេចក្តីសោកស្តាយជាខ្លាំងចំពោះហេតុការណ៍បែបនេះកើតឡើងនៅក្នុងកីឡដ្ឋានរបស់យើង»។

ក្លិបបន្តទៀតថា«យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងពង្រឹងបន្ថែមទៀតក្នុងការគ្រប់គ្រងសុខសុវត្ថិភាពដល់អ្នកចូលទស្សនា ដើម្បីធានាអោយបាននូវបរិយាកាសសប្បាយរីករាយ និងភាពជឿជាក់ជូនបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ក្នុងប្រទេស ជាពិសេសដើម្បីបង្ការកុំអោយមានហេតុការណ៍បែបនេះកើតឡើងនាពេលក្រោយទៀត»៕

Share.