រោងចក្រដំឡើង និង​ផលិត​រថយន្ត​ជាតិ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា គឺក្រុមហ៊ុន GTV MOTOR ដែល​មាន​កូនខ្មែជាអ្នកវិនិយោគ រួមគ្នា​ជាមួយ​នឹង​ដៃគូ​វិនិយោគ​បរទេស​មួយចំនួនទៀតនៅកម្ពុជា ដោយ​ប្រើ​ទំហំទុនវិនិយោគដែលបានចុះបញ្ជីចំនួន ១៥,៦លានដុល្លារ។

ក្រៅពី​ផលិត និង​ដំឡើង​រថយន្ត បច្ចុច្បន្ន ក្រុមហ៊ុន GTV MOTOR ក៏បាននិងកំពុងរៀបចំ នាំចូល​នូវ​គ្រឿង​ម៉ាស៊ីន សម្ភារបរិក្ខារ វត្ថុធាតុដើម និងគ្រឿងបំណែករថយន្ត (គ្រឿងបង្គុំ CKD Parts និង IKD Parts សរុបជាង៥០០មុខ នៃការដំឡើងផលិតផលរថយន្តសម្រេចក្នុងមួយគ្រឿងៗ) សម្រាប់​បម្រើ​ឱ្យ​តម្រូវការផលិតកម្មរោងចក្រដំឡើងរថយន្ត ដែលមានទឹកប្រាក់សរុបប្រមាណជា ៥០លាន​ដុល្លារ​អាម៉េរិក។

GTV មកពីពាក្យ Grand Touring Vehicle សំដៅដល់យានជំនិះ ឬរថយន្តទេសចរណ៍ ដ៏ស្រស់ស្អាត ដែលមានរូបរាងរចនាប័ទ្មជារថយន្តប្រភេទ Hatchback, Sedan, Coupe, SUV, Pick Up ឬ ជា​រថយន្ត MPV និង Van ជាដើម។ ជាធម្មតារថយន្តប្រភេទនេះ មានកៅអីចាប់ពីពីរទៅប្រាំពីរកៅអី ឬច្រើន​ជាងនេះ ប៉ុន្តែ តិចជាងដប់កៅអី ហើយ​ជា​រថយន្ត​ដែល​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​សុវត្ថិ​ភាព និងផាសុកភាព សម្រាប់អ្នករួមដំណើរ និងអ្នកបើកបរ។

ការវិនិយោគលើការបង្កើតរោងចក្រដំឡើង និងផលិតរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជានេះ គឺទទួល​បានការលើកទឹកចិត្តផ្នែកពន្ធគយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​រាជ​រដ្ឋាភិ​បាល​សុខចិត្ត បាត់បង់ចំណូលគយបន្ថែម ប្រមាណពី ៣ ដល់ ៧ លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំ ទៅ​តាម​កម្រិតនៃការផ្តុំ និងដំឡើងតាមប្រភេទ CKD និង IKD ។

ក្រុមហ៊ុន ជីធីវី ម៉ូធ័រ (GTV MOTOR) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដោយ​វិនិយោគិន​កូន​ខ្មែរ​សុទ្ធ​សាធ​គឺ លោកឧកញ៉ាបណ្ឌិត ឃុនចាន់ថា ដែលជាប្រធានអគ្គនាយកប្រតិបត្តិ (Executive Chairman) រួម​ជាមួយនឹងអ្នកវិនិយោគបរទេសមួយចំនួនទៀតនៅកម្ពុជា ដែល​មាន​ទំហំទឹក​ប្រាក់​វិនិយោគ​ចំនួន​ប្រមាណជាង ១៥,៦លានដុល្លារម៉េរិក។

ក្រុមហ៊ុន GTV MOTOR ត្រូវបានបង្កើតឡើងសម្រាប់បម្រើ ឱ្យវិស័យរោងចក្រដំឡើងរថយន្តក្នុង ស្រុក ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មយានយន្តកម្ពុជា ដែលត្រូវបានអនុម័តរួមគ្នាដោយក្រសួងស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរួមទាំងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា (GDCE) និងអគ្គនាយកដ្ឋានពន្ធដារ (GDT), ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថានផងដែរ។

រោងចក្រដំឡើងរថយន្តGTV មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំ​ជើង​កើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយពីរង្វង់មូលកួរស្រូវក្នុងខណ្ឌ​ដង្កោ​ប្រមាណ​ជា១,៨​គីឡូម៉ែត្រ ក្បែរនឹងច្រកចេញចូលផ្លូវស្ពានអាកាសក្រវ៉ាត់ក្រុងទី៣។ ស្ថិត​លើផ្ទៃដី ១០ម៉ឺន​ម៉ែត្រ​ការ៉េ មានសមត្ថភាពដំឡើង និងផលិត រថយន្តប្រចាំឆ្នាំរហូតដល់ ៣៥,០០០គ្រឿង អាច​បង្កើត​ការងារ​បានប្រមាណជិត ៨០០នាក់ ជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

Share.