
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង ហៅកាត់ថា CONMEBOL រៀបចំផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ប្រទេសចិន ឈ្មោះថា Sinovac នៅក្នុងខែឧសភា ឆ្នាំ២០២១ ខាងមុខ ឱ្យក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនានាដែលត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីប Copa América។
CONMEBOL បានបង្កើតគណៈកម្មការថ្មីមួយដើម្បីទទួលខុសត្រូវទៅលើផ្នែកច្បាប់ រដ្ឋបាល បច្ចេកទេស និងវេជ្ជសាស្រ្ដ សម្រាប់ដំណើរនៃការចាក់វ៉ាក់សាំងដល់ក្រុមគ្រូបង្វឹកនិងកីឡាករនេះ។ អ្នកពាក់ព័ន្ធដូចជាកីឡាករ អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេសនិងសមាជិកនានានៅក្នុងក្រុមបាល់ទាត់ ជាដើម។
លោកAlejandro Domínguez ប្រធានសហព័ន្ធ CONMEBOL បានបញ្ជាក់ថ្មីនេះថាវ៉ាក់សាំងនេះក្រៅពីត្រៀមសម្រាប់ក្រុមកីឡាករជម្រើសជាតិជាសមាជិក ក៏មានត្រៀមសម្រាប់ក្រុមកីឡាការិនីជម្រើសជាតិផងដែរ ដោយមានប្រមាណជា៥ម៉ឺនដូសដែលបញ្ជាទិញពីក្រុមហ៊ុន Sinovac Biotech។
ពានរង្វាន់ Copa America 2021 នឹងប្រកួតពីថ្ងៃទី១៣ មិថុនា ដល់ ១០ ខែកក្កដាឆ្នាំ២០២១ ដោយប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ជាសហម្ចាស់ផ្ទះ។ ពូល A ធ្វើឡើងនៅប្រទេសអាហ្សង់ទីន ដោយមានម្ចាស់ផ្ទះអាហ្សង់ទីន,ប៉ូឡាវី,អ៊ុយរុយហ្គាយ,ប៉ារ៉ាហ្គាយ ចំណែកពូល B ធ្វើនៅប្រទេសកូឡុំប៊ី ដោយមានម្ចាស់ផ្ទះកូឡុំប៊ី,ប្រេស៊ីល,វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និងប៉េរូ។
ពានរង្វាន់ Copa America រៀបចំឡើងតាំងពីឆ្នាំ១៩១៦ ហើយក្រោយមកវិវត្តន៍រៀបចំនៅរាល់៣ឆ្នាំម្តង ដោយប្រទេសអ៊ុយរ៉ាហ្គាយ ឈ្នះពានរង្វាន់បានច្រើនជាងគេ គឺរហូតដល់១៥លើក ខណៈក្រុមប្រេស៊ីល ជាម្ចាស់ជើងឯកឆ្នាំចាស់កាលពីឆ្នាំ២០១៩។ ចំណែកក្រុមអាហ្សង់ទីន ធ្លាប់ឈ្នះបាន១៤លើក ក្រុមប៉ារ៉ាហ្គាយ និងឈីលី ឈ្នះបានម្នាក់២លើក និងកូឡុំប៊ី និងបូឡាវី ឈ្នះម្នាក់១លើក៕