ទីក្រុងកៀវ៖ អ៊ុយក្រែនកាលពីថ្ងៃពុធ បានជំរុញឱ្យសហភាពអឺរ៉ុបចាត់វិធានការជាបន្ទាន់ ដើម្បីបង្កើនការផ្គត់ផ្គង់​គ្រាប់កាំភ្លើងធំ ដែលទីក្រុងកៀវ និយាយថា ត្រូវការជាបន្ទាន់ ដើម្បីការពារជួរមុខប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Kyiv Post នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ការធានាបាននូវគ្រាប់កាំភ្លើងធំ គឺជាអាទិភាពមួយសម្រាប់ទីក្រុង Kyiv ដែលកំពុងតែអស់អាវុធបំរុងរបស់ខ្លួនពីស្ដុក ខណៈដែលប្រទេសរុស្ស៊ី ដាក់ពង្រាយកងកម្លាំង និងធនធានរបស់ខ្លួនក្នុងការប៉ុនប៉ងដើម្បីសម្រេចបាននូវទឹកដី។

រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba បានប្រាប់អ្នកការទូតកំពូលអឺរ៉ុបលោក Josep Borrell ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ថា លោករំពឹងថា សហភាពអឺរ៉ុប (EU) នឹងបន្ធូរបន្ថយការរឹតបន្ដឹងបទប្បញ្ញត្តិ និងចុះហត្ថលេខាលើ «កិច្ចសន្យារយៈពេលវែង» ជាមួយក្រុមហ៊ុនការពារជាតិអ៊ុយក្រែន ដើម្បីជំរុញការផលិតមីស៉ីល។

លោក Kuleba បានប្រាប់លោក Borrell ថា «ប្រសិនបើអ្នកសួរទាហាននៅជួរមុខនូវអ្វីដែលពួកគេត្រូវការបំផុតនៅពេលនេះ ចម្លើយនឹងជាគ្រាប់កាំភ្លើង»។ លោក​បាន​បន្ថែម​ថា​ «​សូម​និយាយ​ដោយ​ស្មោះត្រង់ ដោយសារ​ទំហំ​នៃ​សង្គ្រាម និង​ការ​ប្រើ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​បាន​ឈាន​ដល់​កម្រិត​មួយ ដែលឧស្សាហកម្ម​ការពារជាតិ​អឺរ៉ុប​មិន​ទាន់​បានឈានដល់នៅឡើយទេ​»​។

លោក Kuleba ក៏បាននិយាយផងដែរថា អ៊ុយក្រែនបានរកឃើញការខ្វែងគំនិតផ្ទៃក្នុង នៅក្នុងសភាអាមេរិក ជុំវិញអនាគតនៃជំនួយរបស់សហរដ្ឋអាមេរិក ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានបដិសេធមិនផ្ដល់ការគាំទ្រថ្មី ដល់ប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។

មេដឹកនាំសហភាពអឺរ៉ុប បានយកឈ្នះលើក្រុមប្រឆាំងដ៏យូរអង្វែងពីប្រទេសហុងគ្រី ដើម្បីយល់ព្រមលើកញ្ចប់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ (ឬស្មើនឹង ៥៤ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែនកាលពីសប្តាហ៍មុន ប៉ុន្តែការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន នៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ដោយសារតែការតស៊ូរបស់គណបក្សសាធារណរដ្ឋ។

លោក Kuleba បានបន្ដថា «កាលពីយប់មិញ ខ្ញុំបានទទួលរបាយការណ៍ចុងក្រោយបង្អស់ពីទីក្រុងវ៉ាស៊ីនតោន អំពីសេណារីយ៉ូដែលអាចកើតមាន ហើយសេណារីយ៉ូមួយចំនួន បានរំលឹកពីរឿងដ៏គួរឱ្យរន្ធត់ ដែលអ្វីគ្រប់យ៉ាងជាការភ័ន្ដច្រឡំដ៏ធំធេង»៕

ប្រភព៖ Kyiv Post

Share.