ម្ចាស់ផ្ទះកាតា បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយទម្លាក់អ៊ីរ៉ង់ នៅវគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២ កាលពីរាត្រីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងកីឡដ្ឋានAl Thumama Stadium ប្រទេសកាតា។

៣គ្រាប់នាំជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះកាតា រកបានដោយកីឡាករ Jassem Gaber នាទី១៧ រីឯកីឡាករ Akram Afif នៅនាទី ៤៣ និង Almoez Ali នាទី៨២ ខណៈ២គ្រាប់របស់ក្រុមខ្លាំងអ៊ីរ៉ង់ រកបានដោយកីឡាករ Sardar Azmoun នៅនាទី៤ និង១គ្រាប់ទៀគឺកីឡាករ Alireza Jahanbakhsh រកបានពីការទាត់បាល់ប៉េណាទី នៅនាទី៥១ គ្រាដែលលោក Ahmad Al-Ali អាជ្ញាកណ្តាលជនជាតិ គុយវ៉ែត ផ្តល់ឱ្យនិង​គ្រាប់​វា​យក បកតា​ម​ស្មើ ២-២។

យ៉ាងណាក្តីក្រោយចប់៩០នាទីពេញ ក្រុមជម្រើសជាតិកាតា បានយកឈ្នះដោយលទ្ធផល ៣-២ ធ្វើឱ្យក្រុមម្ចាស់ផ្ទះកាតា ឡើងទៅជួបក្រុមជម្រើសជាតិ​ហ្សក់ដានី នៅវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួត​នឹងធ្វើឡើ​ងនៅថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Lusail ។

មុនឡើងទៅវគ្គផ្តាច់ណព្រ័ត្រ ក្នុងជម្រើជាតិហ្សក់ដានី បានយកឈ្នះលើក្រុមអ៊ីរ៉ាក់ ដោយលទ្ធផល ៣-២ នៅវគ្គ១៦ក្រុមកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ រួចបានបន្តយកឈ្នះលើក្រុមតាជីគីស្ថាន នៅវគ្គ៨ក្រុមចុងក្រោយដោយលទ្ធផល ០-១ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយចុងក្រោយនេះបា​ន​យកឈ្នះលើក្រុមជម្រើសជាតិកូរ៉េ ខាងត្បូង នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២ទល់នឹង០ កាលពីថ្ងៃទី៦ ខែកុម្កៈ ឆ្នាំ២០២៤ កន្លងទៅ។

ចំណែកឯក្រុមជម្រើសជាតិកាតា មុនឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រុមដែលជាម្ចាស់ផ្ទះមួយនេះបា​ន​យក​ឈ្នះលើក្រុមជម្រើសជាតិប៉ាឡេស្ទីន ដោយលទ្ធផល ២-១ នៅវគ្គ១៦ក្រុម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ រួចបានបន្តយកឈ្នះលើក្រុមអ៊ូសបេគីស្ថាន ដោលទ្ធផល បាល់កាត់ក្តី២-៣ ក្រោយស្មើគ្នា ១-១ ពេញ១២០នាទី កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានបន្តយក​ឈ្នះ​លើក្រុមអ៊ីរ៉ង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល វាយបក៣-២ កាលពីរាត្រីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។

សូមជម្រាបថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup បង្កើតឡើងដំបូង​នៅឆ្នាំ១៩៥៦ ពោល​គឺមានអាយុកាល៦៨ឆ្នាំហើយ ខណៈក្រុមជម្រើសជាតិជប៉ុន ឈ្នះជើងឯកច្រើន​ជាងគេ ចំនួន៤លើក ឆ្នាំ១៩៩២,២០០០,២០០៤,២០១១។

ចំណែកឯក្រុមជម្រើសជាតិកាតា ឈ្នះចុងក្រោយគេនៅឆ្នាំ២០១៩ ក្រោយយកឈ្នះលើក្រុម​​​ជ​ម្រើស​ជាតិជប៉ុន ដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ និងជាពានប្រវត្តិសាស្ត្រ​ដំបូង​​របស់គេ មុន​ទទួល​សិទ្ធជាម្ចាស់ផ្ទះ។

គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.