វិបត្តិ​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅ​តែ​បន្ត​រាលដាល​និង​រុករាន​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ធ្វើ​ឱ្យ​វិស័យ​មួយ​ចំនួន​ជាប់​គាំង ខណៈ​វិស័យ​មួយ​ចំនួន​ដួល​ប៉ះជើង​មិន​អាច​ស្រោចស្រង់​បាន​ ក្នុង​នោះ​អាជីព​សិល្បៈ​ ក៏​អាច​ចាត់​ទុក​ថា​ជា​អាជីព​ដែល​រង​នូវ​ហានិភ័យ​មួយ​ដែរ​ ព្រោះ​តែ​​ការងារ​សិល្បៈ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​ជា​ប្រចាំ​ថ្ងៃ​ដល់​បងប្អូន​សិល្បករ​-សិល្បការិនី​ ដូច្នោះ​ហើយ​ ចង់​មិន​ចង់​បងប្អូន​តារា​មួយ​ចំនួន​បាន​ងាក​ទៅ​ចាប់​អាជីព​លក់​ផលិតផល​អនឡាញ​ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ទៅ​តាម​​ការ​ស្ទាត់​​ជំនាញ​រៀង​ខ្លួន​ អ្នក​ខ្លះ​ក៏​លក់​ជា​ផលិតផល​ថែរក្សា​សម្រស់​ អ្នក​ខ្លះ​លក់​ជា​គ្រឿង​អលង្ការ​ សំលៀកបំពាក់​ អ្នក​ខ្លះ​ទៀត​ក៏​លក់​ម្ហូប​អាហារ​ នំ ចំណី​។

ក្នុង​ចំណោម​សិល្បករ​ ពិធីករ តារា​ចម្រៀង​ តារា​សម្ដែង​ អ្នក​នាង​ ផេនខេក​ ដែល​ជា​ពិធីការិនី​កម្មវិធី​ 3FUN និង​ជា​តួ​សម្ដែង​ក្នុង​កម្មវិធី​សំណើច​ យក្ស​ភ្លោះ​ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ​៩ ក៏​មិន​ខុស​ពី​មិត្ត​សិល្បករ​ដទៃ​ទៀត​ដែរ​ ព្រោះ​នៅ​ពេល​នេះ​កញ្ញា​បាន​បញ្ចេញ​ផលិតផល​ទឹក​ប្រហុក​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​ស្លាក​សញ្ញា​នោះ​ថា​ «ម៉ែ​ខេក​ទឹក​ប្រហុក​ឆ្ងាញ់​ៗៗៗ» ដោយ​ផលិតផល​ថ្មី​នេះ​ទើប​តែ​បាន​បញ្ចេញ​លក់​ក្នុង​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​ផេនខេក​ធ្លាប់​បាន​ ឡាយ​លក់​ជា​សំលៀក​បំពាក់​និង​គ្រឿង​ផ្អាប់​ប្រហុកផ្អក​មួយ​រយៈ​កន្លង​មក​ហើយ​។

ផលិតផល​ទឹក​ប្រហុក​អនឡាញ​ថ្មី​របស់ផេនខេក​ហាក់​ទទួល​បាន​ការ​ស្វាគមន៍​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រអ្នក​នាង​ព្រោះ​តែ​មាន​អ្នក​ចូល​មក​ខមមិន​សួរ​នាំ​ពី​តម្លៃ​ និង​ចង់​កុម្មង់​យ៉ាង​ច្រើន​ផង​ដែរ។ ក្រៅ​ពី​អ្នក​នាង​ផេនខេក​ ដែល​ជា​ពិធីការិនី​​និង​អ្នក​កំប្លែង​ហើយ​នោះ​ អ្នក​នាង​ខ្ញុង​ តារា​កំប្លែង​ ក៏​ជា​អ្នក​លក់​ផលិតផល​អនឡាញ​ទាក់ទង​នឹ​ងគ្រឿង​ផ្អាប់​ត្រីងៀត​ត្រីឆ្អើ​ ប្រហុកផ្អក​ដូច​គ្នា​ម្នាក់​ដែរ​៕

Telegram-Troryorng
Share.