ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលរងការខូចខាតជាដំណំមួយខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាព្រំប្រទល់ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានប្រវែងសរុប ១៤,៨៤០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ។

គួររំលឹកផងដែថា ផ្លូវនេះសាងសង់ឡើងក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទតាំងពី ឆ្នាំ២០១៩ មកម្ល៉េះ ដែលត្រូវទទួលរងការខូចខាតខ្លាំង ដោយការដឹកលើសទំងន់កំណត់។ បច្ចុប្បន្នក្រសួងកំពុងពិនិត្យលទ្ធភាព ក្នុងការជួសជុលស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។


  ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀត ដែលមានប្រវែង ១១,២០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ទៅភូមិទេព្យនិមិត្ត ឃុំគរ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលស្ថាបនា បានប្រមាណ ១០% នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤ ។ បន្ទាប់ពីអញ្ជើញត្រួតពិនិត្យខ្សែផ្លូវទាំង ២ខ្សែ រួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងប្រតិភូរួមដំណើរ បានបន្តអញ្ជើញជួបសំណេះសំណាល និងពិនិត្យសាលបុណ្យ និងជាទីស្នាក់ការភូមិគំរូមួយកន្លែង ស្ថិតនៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងជូនពរសព្ទសាធុការ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិល្វាតូច ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល ។ តបតាមសំណើររបស់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានជូនឧបករណ៍បំពងសម្លេងចំនួន ៥ឈុត ជូនដល់សហគមន៍ ដើម្បីប្រើប្រាស់ផងដែរ ៕


អត្ថបទ៖ សាន វីឡែម

Share.