ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានចេញដំណើរទៅប្រទេសអូស្រ្តាលី កាលពីល្ងាចថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចូលរួមប្រកួតនៅពានរង្វាន់ AFC Cup 2023/24 តបន់ ASEAN Zone វគ្គ Semi-Final Knockout Stage។

ខណ:ខ្សែប្រយុទ្ធ Jelle Goselink ជនជាតិហូឡង់ មិនបានធ្វើដំណើរជាមួយមិត្តក្រុមទៅប្រទេសអូស្រ្តាលីនោះទេ ដោយសារបញ្ហារបួសមិនទាន់ជាសះស្បើយ ១០០% ស្របពេលខ្សែវ័យ​២៤ឆ្នាំ និងកម្ពស់ ១.៨៩ម៉ែត្ររូបនេះមិនទាន់បង្ហាញខ្លួនផ្លូវការឱ្យភ្នំពេញក្រោនសូម្បី១ប្រកួត ក្រោយចូលរួមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមបាល់ទាត់ Central Coast Mariners នឹងត្រូវបើកទ្វារកីឡដ្ឋាន Industree Group ប្រទេសអូស្ត្រាលី ទទួលក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

Jelle Goselink

កម្មវិធីប្រកួតវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup

  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ ភ្នំពេញក្រោន ប៉ះ Central Coast Mariners របស់អូស្រ្តាលី នៅកីឡដ្ឋាន Industree Group
  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ Macarthur FC របស់អូស្រ្តាលី ប៉ះ Sabah របស់ម៉ាឡេស៊ី នៅកីឡដ្ឋាន Campbelltown Sports។

គួរបញ្ជាក់ឱ្យដឹងផងដែរថាសម្រាប់អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Zonal Final ជើងតែមួយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.