ឆ្លៀត​ឱកាស​បណ្ដើរ​គ្នា​ទៅ​កម្សាន្ត​នៅ​​បរទេស​ គូស្នេហ៍កញ្ញា​ រ៉េត សារីតា លោក Tomas Gimenez បាន​លុត​​ជង្គង់​សុំ​រៀបការ​នៅ​លើ​កំពូល​ភ្នំទឹកកក​ Wanaka កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ឆ្នាំ​ ២០២៤ កន្លង​ទៅ នេះ​បើ​យោង​តាម​ការ​ចែក​រំលែក​ពី​សាមី​ខ្លួន​លើ​បណ្ដាញ​សង្គម​។

នៅ​ក្នុង​ឱកាស​ដែល​បងប្អូនខ្មែរ​សែស្រឡាយចិន ឆ្លៀត​ឱកាស​ឈប់​សម្រាក​ជួបជុំ​ក្រុម​គ្រួសារ​អបអរបុណ្យ​ចូលឆ្នាំ​ចិន​នោះ​ កញ្ញា រ៉េត សារីតា​ ស្រីស្អាត លំដាប់​ចក្រវាឡ​ អតីត​ Miss Universe ឆ្នាំ​២០២០ បាន​បណ្ដើរ​គូស្នេហ៍​ទៅ​លម្ហែ​ដល់​ប្រទេស​ណូវែលហ្សេឡង់​។ យ៉ាងណា​មិញ​ការ​ដឹកដៃ​គ្នា​ទៅ​ដើរ​​កម្សាន្ត​ ​ក្រៅ​ប្រទេស​លើក​នេះ​មិន​ខាត​ជើង​នោះ​ឡើយ ព្រោះ​បុរស​សង្ហា​ដែល​ក្ដោបបេះដូង​ស្រីស្អាត​របស់​យើង​បាន​លុត​​ជង្គង់សុំ​រៀបការ​​ ​ហើយ​ខាង​ស្រី​ក៏​បាន​ឆ្លើយ​ Yes រួចរាល់​ហើយ​ដែរ ដូច្នេះ​អ្នក​គាំទ្រ​នៅ​តែរងចាំ​អ៊ុត​កាល​បរិច្ឆេទ​រៀបការ​ប៉ុណ្ណោះ​។

ទីតាំង​ដែល​បុរស​សង្ហា​ Tomas Gimenez ជ្រើសរើស​ដើម្បី​បង្កើត​បរិយាកាស​រ៉ូម៉ែនទិច​ សុំ​រៀប​ការ​ជាមួយ​នឹង​ សារីតា នោះ​គឺ​នៅ​លើ​ភ្នំទឹកកក​ Wanaka នា​ប្រទេសណូវែលហ្សេឡង់​។ Wanaka ស្ថិត​នៅ​កោះ​ភាគ​ខាង​ត្បូងត្រូវ​បាន​គេ​ចាត់​ទុក​ជាទីក្រុង​រីសត ដែល​មាន​ទេស​ភាព​ បឹងបួរ និង​ភ្នំទឹក​កក ដ៏​ស្រស់​ស្អាត ជា​ទីតាំង​ដែល​អ្នក​និយម​ចូលចិត្ត​លេង​ស្គី​ជ្រើសរើស​សម្រាប់​ទៅ​សម្រាក​លម្ហែ​ជា​ពិសេស​។

ដំណឹង​ដ៏​រីករាយ របស់ កញ្ញា រ៉េត សារីតា និង​គូស្នេហ៍​ ត្រូវ​បាន​អ្នក​គាំទ្រ និង​អ្នក​សិល្បៈ​ចូល​មក​អបអរសាទរ​ ព្រម​ទាំង​ជូន​ពរ​ឱ្យ​អនាគត​កូន​កំលោះ​កូន​ក្រ​មុំ​ ឆាប់​រើសថ្ងៃ​ល្អ​បណ្ដើរ​គ្នា​ចូលរោងជ័យ ព្រោះ​គេ​ជឿជាក់​ថា សារីតា តូច និង​ Tomas តូច​ប្រាកដ​ជា​គួរ​ឱ្យ​ស្រលាញ់​ព្រោះ​មាន​ម៉ាក់​ស្រស់​ស្អាត ចំណែក​លោក​ប៉ា​ក៏ស្រស់​សង្ហា៕

Share.