ហ្គាហ្សា ស្រ្ទីប៖ ការគំរាមកំហែងពីការលុកលុយរបស់អ៊ីស្រាអែលចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា នៅតែបន្តកើតមាន កាលពីថ្ងៃអាទិត្យ (ថ្ងៃទី១១ ខែកុម្ភៈ) ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាថា «បង្កើតច្រកសុវត្ថិភាព» ដល់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

ក្នុង​បទសម្ភាសន៍​មួយ​ដែល​ចាក់ផ្សាយ​លើទូរទស្សន៍ ABC News កាលពី​ថ្ងៃអាទិត្យ លោក Netanyahu បាន​បញ្ជាក់​ជាថ្មី​ពី​គោលបំណង​របស់លោក ​ក្នុងការ​ពង្រីក​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​ ប្រឆាំង​នឹង​ក្រុម​ហាម៉ាស​ទៅកាន់​ក្រុង Rafah។

ទោះជាមានការព្រមានពីអន្តរជាតិថា ការវាយលុកណាមួយរបស់អ៉ីស្រាអែលក្នុងទីក្រុង Rafah អាចនឹងបណ្ដាលឱ្យជនស៊ីវិលជាច្រើនស្លាប់រង្គាលក៏ដោយ លោក Netanyahu បានប្រាប់ទូរទស្សន៍ ABC News ថា «យើងនឹងធ្វើវា។ «យើងនឹងបើកការវាយលុក ខណៈផ្ដល់ច្រកផ្លូវសុវត្ថិភាពសម្រាប់ជនស៊ីវិល ដូច្នេះពួកគេអាចគេចខ្លួនបាន»។

សូមជម្រាបថា ការវាយប្រហាររបស់កងទ័ពអ៉ីស្រាអែល លើភាគខាងត្បូងជាប់ៗគ្នា ទីក្រុងរ៉ាហ្វា បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ចុងក្រោយនៅក្នុងតំបន់ហ្គាហ្សា ដែលកងទ័ពមិនទាន់បានទៅដល់ ទោះបីជាតំបន់នេះត្រូវបានវាយប្រហារតាមផ្លូវអាកាសដោយការទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃក៏ដោយ។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន កើនឡើងដល់ ២៨,១៧៦នាក់ហើយ ភាគច្រើនជាជនស៊ីវិលជាស្រ្តី និងកុមារ ខណៈមនុស្សជាង ៦៧ម៉ឺននាក់ទៀតបានរងរបួស ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល​ដោយសម្លាប់មនុស្សនៅអ៉ីស្រាអែលជាង ១,១៦០នាក់ ដោយភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្សជាង ២០០នាក់ធ្វើជាចំណាប់ខ្មាំងផងដែរ៕

ប្រភព៖ CNA

Share.