ព្រះសីហនុ៖ អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៣០ម៉ឺននាក់ បានចូលលេងកម្សាន្តក្នុងខេត្តព្រះសីហនុ គឺមានការកើនឡើង១៧,៤៩%។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឱ្យដឹងថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលបីថ្ងៃ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ ពី ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ សរុបប្រមាណ ២៩៤.៣០១នាក់ កើនឡើង ១៧,៤៩% ក្នុងនោះមាន ភ្ញៀវជាតិ ២៨២.៣៩៦នាក់ កើនឡើង១៥,១៥% និងភ្ញៀវបរទេស ១១.៩០៥នាក់ កើនឡើង១២៦,៤១% មានភ្ញៀវតាមជើងហោះហើរចុះចតនៅព្រលាន០៦ជើង មានភ្ញៀវសរុប ៣០៣នាក់ ក្នុងនោះភ្ញៀវជាតិ សរុប ០៤នាក់ ភ្ញៀវអន្តរជាតិ ២៩៩នាក់។

ដោយឡែក ភ្ញៀវអន្តរជាតិចូលតាមនាវាទេសចរណ៍ចំនួន៣គ្រឿងមានភ្ញៀវសរុប ៣.៧១៩នាក់ ស្រី១.៩១០នាក់ និងនាវិក ១.៨១៤នាក់ ស្រី៣៧៧នាក់។ ជាមួយគ្នានោះ ភ្ញៀវទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៣.៩១២នាក់  កើនឡើង៩,៨៨%ភ្ញៀវជាតិប្រមាណ១.៧៩៧នាក់  ថយចុះ៣,៥៩% ភ្ញៀវបរទេសប្រមាណ ២.១១៥នាក់ កើនឡើង២៤,៧០%។

ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ២៩០.០៨៦នាក់ កើនឡើង ១៧,៦០% ក្នុងនោះ ភ្ញៀវជាតិ២៨០.៥៩៥នាក់ កើនឡើង១៥,៣០%ភ្ញៀវបរទេស ៩.៤៩១នាក់ កើនឡើង១៨៧,២៥%៕

អត្ថបទ៖ ព្រះសីហនុ

Share.