ក្រុមបាល់ទាត់ Central Coast Mariners ក្រោមការដឹកនាំរបស់លោក Mark Jackson បានរងបរាជ័យ Sydney FC ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Industree Group លីគកំពូលអូស្រ្តាលី A-League សប្តាហ៍ទី១៧ កាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភ: ឆ្នាំ២០២៤។

ខណ: Central Coast Mariners នឹងត្រូវបើកទ្វារកីឡដ្ឋាន Industree Group នៅប្រទេសអូស្ត្រាលី ដើម្បីទទួលក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០រសៀល។

កម្មវិធីប្រកួតវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup

  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ ភ្នំពេញក្រោន ប៉ះ Central Coast Mariners របស់អូស្រ្តាលី នៅកីឡដ្ឋាន Industree Group
  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ Macarthur FC របស់អូស្រ្តាលី ប៉ះ Sabah របស់ម៉ាឡេស៊ី នៅកីឡដ្ឋាន Campbelltown Sports។

មុនប៉ះភ្នំពេញក្រោន Central Coast Mariners ក៏បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មី Ryan Edmondson អតីតកីឡាករជម្រើសជាតិអង់គ្លេស U19 កម្ពស់១.៨៨ម៉ែត្រ អាយុ ២២ឆ្នាំ ដើម្បីជំនួសកៅអីកីឡាករ Marco Tulio ដែលបានចាកចេញ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាសម្រាប់អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Zonal Final ជើងតែមួយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.