ក្រុមបាល់ទាត់ភ្នំពេញក្រោន តំណាងកម្ពុជា នឹងត្រូវប្រកួតទល់នឹងជើងខ្លាំង Central Coast Mariners នៅកីឡដ្ឋាន Industree Group វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំបន់អាស៊ាន នៃពានរង្វាន់ AFC Cup ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០រសៀល។

មុនការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានថ្លែងដូច្នេះថា៖«យើងបានចំណាយពេលវេលា និងកម្លាំងច្រើនដែរសម្រាប់ការមកដល់ទីនេះ ប៉ុន្តែយើងក៏មានភាពរំភើបដូចគ្នា។ ការប៉ះគ្នាជាមួយ Central Coast Mariners គឺនឹងមានភាពតានតឹងជាមួយនឹងការប្រកួតប្រជែងខ្ពស់»។

លោកបន្តទៀតថា៖«នេះជាការប្រកួតដែលលេងតែមួយប្រកួត ក្នុងការជ្រើសរើសអ្នកឈ្នះឡើងទៅវគ្គបន្ត។ វានឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមអូស្រ្តាលីនេះគឺជាក្រុមមួយដែលលេចធ្លោរបើយើងប្រៀបធៀបជាមួយក្រុមផ្សេងៗទៀត។ ក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ យើងសង្ឃឹមថាយើងនឹងអាចធ្វើវាបាន ព្រោះគ្រប់គ្នាដែលមកទីនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីការប្រកួត»។

ខណ:អ៊ន ចាន់ប៉ូលីន ប្រធានក្រុមភ្នំពេញក្រោន បានថ្លែងថា៖ «ខ្ញុំរីករាយណាស់សម្រាប់ការប្រកួតនៅថ្ងៃស្អែក យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ យើងមកទីនេះជាមួយក្តីរំពឹងទុក ហើយយើងក៏សង្ឃឹមថានឹងឈ្នះការប្រកួតនៅថ្ងៃស្អែកនេះដូចគ្នា»។

កម្មវិធីប្រកួតវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup

  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ ភ្នំពេញក្រោន ប៉ះ Central Coast Mariners របស់អូស្រ្តាលី នៅកីឡដ្ឋាន Industree Group
  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ Macarthur FC របស់អូស្រ្តាលី ប៉ះ Sabah របស់ម៉ាឡេស៊ី នៅកីឡដ្ឋាន Campbelltown Sports។

គួរបញ្ជាក់ឱ្យដឹងផងដែរថាសម្រាប់អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Zonal Final ជើងតែមួយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.