ភ្នំពេញ ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ ចំណែក៣នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម ជិះលឿនជ្រុលទៅបុកជាមួយម៉ូតូហុងដាវ៉េវ ត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្លូវ២១៣ កែងផ្លូវ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់មានឈ្មោះ ស៊ូរ ទី ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះលេខ១២៤ ផ្លូវ៥១ ភូមិ៤ សង្កាត់ចាក់តុមុខ ខណ្ឌដូនពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 11H-4685 ជិះឌុបគ្នា២នាក់ តាមផ្លូវ១៨២ ពីកើតទៅលិច ល្បឿនលឿន ជ្រុលទៅបុកជាមួយ ម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-9569 ជិះឌុបគ្នា២នាក់ តាមផ្លូវ២១៣ ពីត្បូងទៅជើង បណ្តាលឱ្យបុរសចំណាស់ម្នាក់ ជាអ្នករួមដំណើរខាងម៉ូតូវ៉េវ រងរបួសធ្ងន់ ចំណែក៣នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុជនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនេជ័យ

Share.