ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៦សប្តាហ៍ ក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដែលជាជំហានឆ្ពោះទៅរកបទឈប់បាញ់ដ៏យូរអង្វែងមួយជាងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីលោក បៃដិន បានជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី ព្រះអង្គ Abdullah នៅសេតវិមាន លើប្រធានបទសំខាន់ៗជាច្រើន ក្នុងនោះរួមមានបញ្ហាប្រឈមដ៏គួរឱ្យបារម្ភ រួមទាំងផែនការវាយលុកតាមជើងគោករបស់អ៉ីស្រាអែលចូលក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា រួមទាំងការគំរាមកំហែងនៃគ្រោះមហន្ដរាយមនុស្សធម៌ក្នុងចំណោមជនជាតិប៉ាឡេស្ទីនផងដែរ។

លោក បៃដិន ដែលបានបង្ហាញការមិនពេញចិត្តកាន់តែខ្លាំងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះការមិនស្តាប់តាមការណែនាំរបស់លោក បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ លើកិច្ចព្រមព្រៀងមួយដើម្បីផ្អាកការប្រយុទ្ធ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាសំដៅសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំង និងការបង្កើនការផ្ដល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។

លោក បៃដិន បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងចាប់ផ្តើមជាមួយនឹងបទឈប់បាញ់រយៈពេល ៦សប្តាហ៍ ដើម្បីអាចបោះជំហានឆ្ពោះទៅរកបទឈប់បាញ់ដ៏យូរអង្វែងមួយជាងនេះ ប៉ុន្ដែព្រះអង្គម្ចាស់ Abdullah ព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី បានអំពាវនាវឡើងវិញឱ្យមានបទឈប់បាញ់រយៈពេលយូរអង្វែងក្នុងពេលឥលូវនេះ ដោយមិនអាចរង់ចាំ ឬបន្ដបណ្ដែតបណ្ដោយឱ្យមានសង្រ្គាមអូសបន្លាយពេលទៅមុខទៀតនោះទេ ហើយសង្រ្គាមនេះត្រូវតែបញ្ចប់»។

កិច្ចប្រជុំនេះបានធ្វើឡើងនៅពេលដែលលោក បៃដិន កាន់តែនិយាយកាន់តែខ្លាំងឡើងក្នុងការស្នើសុំ ថា អ៊ីស្រាអែលមិនធ្វើការវាយប្រហារលើដីនៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដោយគ្មានផែនការការពារជនស៊ីវិលប៉ាឡេស្ទីនឡើយ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ចូ បៃដិន ក៏បានពិភាក្សាតាមទូរស័ព្ទជាមួយលោក Netanyahu ផងដែរ ហើយបើតាមសេតវិមាន លោក បៃដិន បានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាណាមួយនៅក្នុងទីក្រុង Rafah ត្រូវតែធ្វើឡើងដោយមានផែនការជាក់លាក់ ដើម្បីធានាសុវត្ថិភាព និងការគំាទ្រដល់ប្រជាជនហ្កាហ្សា ជាង១លាននាក់ ដែលកំពុងជ្រកកោននៅទីនោះ។

យ៉ាងណាក៏ដោយ ក្រុមរបស់លោក បៃដិន បាននិងកំពុងព្យាយាមចរចាផ្អាកការប្រយុទ្ធគ្នា ដើម្បីធានាការដោះលែងចំណាប់ខ្មាំងដែលនៅក្នុងដៃរបស់ក្រុមហាម៉ាស ចាប់តាំងពីបើកការវាយប្រហារនៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនស៊ីវិល ១,២០០នាក់ និងចាប់មនុស្សជាង ២០០នាក់ធ្វើចំណាប់ខ្មាំង។

ជាមួយគ្នា មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានប៉ាន់ស្មានថា មនុស្សជាង ២៨,០០០នាក់នៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដើម្បីប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធហាម៉ាសផងដែរ៕

ប្រភព៖ Reuters

Share.