សិល្បៈជាតិ៖ សព្វថ្ងៃ​អ្នកគាំទ្រ​គ្រប់រូប​បាន​ជ្រាប​ដឹង​មកហើយ​ថា អ្នកនាង ឌុ​ច លីដា គឺជា​តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង​ធ្លាប់​សាង​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ការសម្ដែង​រឿង​ជាច្រើន​ឆ្នាំ​រួចមកហើយ។

ទម្រាំ​មានឈ្មោះ​បោះ​សំឡេង បានរស់នៅ​សោយសុខ​ក្នុង​ទ្រនំ​ខ្ពស់​យ៉ាង​ស្ដុក​ស្ដ​ម​ដូច​សព្វថ្ងៃនេះ ឌុ​ច លីដា ក៏​ធ្លាប់​ឆ្លងកាត់​ជីវិត​កម្រ​ត់​កម្រ​លំបាក​កាលពី​វ័យ​កុមារភាព​ធ្លាប់ជា​ក្មេងស្រី​រកស៊ី​ទូរស័ព្ទ​សាធារណៈ ១នាទី ៣០០ រៀល និង​ធ្វើ​មេអណ្ដើក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល ហើយ​ជួយ​ផ្សះផ្សា​គូស្នេហ៍​ត្រូវ​គ្នា​វិញ​ជាដើម។

ថ្មីៗនេះ តារា​សម្ដែង​ស្រី ឌុ​ច លីដា បាន​រំលឹក​ពី​ប្រវត្តិ​អតីតកាល​ប្រាប់​ទៅដល់​មហាជន​អ្នកគាំទ្រ​ថា ៖ «អាយុ ១៣ ឆ្នាំ​ដាក់​ទូរស័ព្ទ​សាធារណៈ 1នាទី 300៛ 2នាទី500៛ មិនសូវមាន​អ្នក​តេ ដ​ដើរ​ធ្វើ​មេ​អណ្តើរ​ឱ្យគេ ដើម្បី​គេ​មក​តេ​ញ៉ែរ​គ្នា​ម្តង 1ម៉ោង​ទៅ2ម៉ោង  ពេលខ្លះ​ឆ្លៀត​តប​សារ​ជំនួស​ខាង​ប្រុស​ទៀត ហើយ​ពេល​ខាង​ស្រី​តេ​មក​ចុច​បិទ ហើយ​ប្រាប់​ឱ្យ​ខាង​ប្រុស​តេ​ទៅ​លួង​បងស្រី​ស្អាត​ផង  បាន​ថែម​កន្លះ​ម៉ោង​ទៀត ទើបបាន​លុយ​ចំណេញ​គ្រាន់​រួច​បាយ​ម្ហូប»។

ការនិយាយ​រៀបរាប់​ពី​ប្រវត្តិ​អតីតកាល​នៅ​វ័យ​កុមារ​ឱ្យ​អ្នកគាំទ្រ​បានដឹង​នេះ គេ​សង្កេតឃើញ​មាន​អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ពោល​សរសើរ​តារា​សម្ដែង​ស្រី ឌុ​ច លីដា ថា​មាន​ភាព​វ័យឆ្លាត​តាំងពី​តូច និង​ខ្លះទៀត​អស់សំណើច​ហួសចិត្ត​ដែល​ដឹងថា​តារា​ស្រី​រូបនេះ​ចេះ​រកស៊ី​ធ្វើ​មេអណ្ដើក​តាំងពីក្មេង​តែម្ដង។

សូមជម្រាបថា សព្វថ្ងៃនេះ តារា​ស្រី​រូបនេះ​បាន​រយាល​ដៃ​ពី​ការងារ​សិល្បៈ​ខ្លះ​អស់​រយៈពេល​ជាង ៦ ឆ្នាំ​មកហើយ ដើម្បី​ចាប់ដៃគ្នា​ជាមួយ​ឧ​ត្ត​ម​ស្វាមី​កសាង​គ្រួសារ​យ៉ាង​មាន​សុខ​មង្គល និង​ទទួលបាន​កូនប្រុស​ម្នាក់​ឈ្មោះ កិ​ត្យា​មណី មាន​វ័យ​ប្រមាណ​ជាង ៣ ឆ្នាំ​ហើយ ដែល​អ្នក​ប្រុស​តូច​រូបនេះ ធំធាត់​ឡើង​ប្រកបដោយ​ភាព​ឆ្លាត​វៃ មុខមាត់​ស្រស់​សង្ហា កាត់​តាម​លោកប៉ា​បន្តិច​អ្នក​ម៉ាក់​បន្តិច។

មួយរយៈ​ចុងក្រោយ​នេះ តារា​សម្ដែង ឌុ​ច លីដា នៅ​មិនទាន់មាន​ស្នាដៃ​សម្ដែង​ភាពយន្ត​ថ្មី​បម្រើ​អារម្មណ៍​អ្នកគាំទ្រ​នៅឡើយ​ទេ ស្នាដៃ​សម្ដែង​ចុងក្រោយ​របស់​អ្នកនាង​គឺ​រឿង​ភាគ «កូន​ពស់​កេងកង» របស់​ឯកឧត្តម ហ្វៃ សំអាង។ ហើយ​បើ​ចាំ​មិន​ភ្លេច​ទេនោះ ភាពយន្តធំល្បីៗដែល​អ្នកនាង ឌុ​ច លីដា ធ្លាប់បាន​សម្ដែង​រួមមាន ស្បែក​គង់ និង​រឿង នារី​វេទមន្ដ នោះ លីដា ដែលជា​ភាពយន្ត​ធ្លាប់​ធ្វើឱ្យ​ប្រុស​មិនតិច​នាក់​ទេ​ឈាម​ច្រមុះ​ដោយសារតែ​ការសម្ដែង​របស់​អ្នកនាង៕

Share.