ក្រោយចប់កិច្ចប្រជុំរវាង ឧកញ៉ា ស្រី ចាន់ថន និងអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ រួមទាំងមន្រ្តីសហព័ន្ធ និងភាគីពាក់ព័ន្ធ បានសម្រេចប្រកាសលទ្ធផលសារជាថ្មីដោយទឹកទី១ និងទឹកទី២ កីឡាករ រិន ដេវីត គឺជាអ្នកឈ្នះ ហើយទឹកទី៣កីឡាករ ធន់ អៀងឡៃ ជាអ្នកឈ្នះ វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់។

ប៉ុន្តែជាសកលក្រោយពេលចប់ការប្រកួតគឺមិនអាចកែប្រែលទ្ធផលបាននោះទេ ដូច្នេះដើម្បីរកច្រកចេញរួមមួយខាងភាគីសហព័ន្ធ ភាគីកីឡាករទាំងសងខាងបានសម្រេចចិត្តរួមគ្នាថា ខ្សែក្រវាត់នឹងត្រូវដកពីកីឡាករ ធន់ អៀងឡៃ មកដាក់នៅស្ថានីយរៀបចំការប្រកួតវិញ ហើយនឹងមានការរៀបចំការប្រកួតសារជាថ្មីម្តងទៀតនាពេលឆាប់ៗខាងមុខនេះរវាងកីឡាករទាំងពីរ។

ស្របពេលស្ថានីយទូរទស្សន៍ TOWN FULL HDTV បានថ្លែងជុំវិញករណីខាងលើដូច្នេះថា៖«សូមថ្លែងអំណរគុណដល់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានទទួលពាក្យបណ្តឹង និងដោះស្រាយ ដោយបញ្ញាញាណ និងយុត្តិធម៌ ជូនលោកគ្រូ ស្វាយ សុខុន គ្រូបង្ហាត់របស់កីឡាករ រិន ដេវីត រួមទាំងអ្នកគាំទ្រគុនខ្មែរទាំងអស់គ្នាក្នុងជំនួប វគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករ ធន់ អៀងឡៃ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤»។

ស្ថានីយទូរទស្សន៍ថោន បន្តទៀតថា៖«ក្រោយការពិនិត្យ និងសើរើការប្រកួតសារជាថ្មី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រកឃើញថាចៅក្រម ៣រូបបានផ្តល់ពិន្ទុមិនត្រឹមត្រូវ ដូច្នេះក្នុងនាមស្ថានីយទូរទស្សន៍ថោនសុំផ្អាកការងាររបស់ពួកគាត់នៅសង្វៀនគុនខ្មែររបស់ស្ថានីយទូរទស្សន៍ថោនជាបណ្ដោះអាសន្ន»។

ខណ:ការប្រកួតលើកក្រោយនេះនឹងប្រកួត៥ទឹក ស្របពេលជាមួយគ្នាការប្រកួតឡើង វិញនេះនឹងមានការដណ្តើមប្រាក់រង្វាន់ថ្មី ដោយថវិការប្រកួតលើកមុននឹងត្រូវ បែងចែកជាពីរស្មីៗគ្នា គឺកីឡាករ រិន ដេវីត នឹងទទួលបាន $4000 ហើយកីឡាករ ធន់ អៀងឡៃ ទទួលបាន $4000។

យ៉ាងណាមិញដើម្បីរក្សាឲ្យបាននៅតម្លាភាពក្នុងការកាត់សេចក្តីសម្រាប់ការប្រកួតលើកក្រោយ សហព័ន្ធនឹងជ្រើសរើសមន្រ្តីបច្ចេកទេសចៅក្រម អាជ្ញាកណ្តាលកម្រិតខ្ពស់បំផុតដែលមិនជាប់ជាសាច់ឈាម ឬទំនាក់ទំនង ជាមួយជាមួយកីឡាករឡើយ។ ចំពោះចៅក្រមកាត់សេចក្តីឲ្យ រិន ដេវីត ចាញ់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងត្រូវពិន័យទៅតាមច្បាប់របស់សហព័ន្ធ។

ថ្វីត្បិតតែដំណោះស្រាយខាងលើមិនទាន់អាចបំពេញចិត្តបងប្អូនអ្នកគាំទ្របាន 100% ប៉ុន្តែនេះគឺជាការចាប់ផ្តើមដ៏ល្អនៅក្នុងវិស័យគុនខ្មែរ ហើយខ្ញុំសង្ឃឹមថា នៅពេលអនាគតមន្ត្រីចៅក្រម លោកនឹងកាត់សេចក្តីដោយសុក្រិតយុត្តិធម៌បំផុត។ ព្រោះការកាត់សេចក្តីរបស់លោកចៅក្រម អាចលើកទឹកចិត្តកីឡាករ តែក៏អាចបំបាក់ទឹកចិត្តកីឡាករផងដែរ៕

Share.