សិល្បៈជាតិ៖ ផ្ទុះ​មួយ​ប្រ៉ាវ​ រឿង​នាយគ្រឿន​ជ្រុលខ្លួន​ថត​ចម្រៀង​ផ្សាយ​ហ្គេម​អនឡាញ រហូត​បង្ក​ឱ្យ​មាន​ការ​ពេញ​ចិត្ត​ពី​សាធារណជន ព្រោះ​តែ​អ្នក​កំប្លែង​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ​មាន​អ្នក​តាមដាន​លោក​ច្រើន មិន​ថា​ចាស់​ក្មេង ដូច្នេះ​ទើប​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ បង្កើត​ឱ្យ​មាន​ជា​មតិ​រិះគន់​។

យ៉ាងណា​មិញ​ បន្ទាប់​ពី​ការ​សាមី​ខ្លួន​ ចេញ​មក​បង្ហាញ​គោលជំហរ​ឈប់​ផ្សាយ​ហ្ក្គេមអនឡាញ និង​ស្រាបៀរ ក៏​ផ្ដើម​មាន​អ្នក​សិល្បៈ​ជា​ច្រើន​ទៀត បាន​ចេញ​មក​អះអាង​ជា​សាធារណដែរ​ថា​ខ្លួន​នឹង​មិន​ផ្សព្វផ្សាយ​ពី​ល្បែង​ជា​បន្ត​ទៀត​នោះ​ឡើយ ដោយ​មាន​អ្នក​ខ្លះ​ បាន​លើក​ឡើង​ថា​ក្រោយ​ចប់​កុង​ត្រា នឹង​មិន​បន្ត​កុង​ត្រា​ថ្មី​នោះ​ទេ។

ត្បិត​ការ​បង្ហាញ​គោលជំហរ​របស់​តារា​ សិល្បៈ បាន​ក្លាយ​ជា​រលក​យក្ស​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ក្នុងសង្គម ប៉ុន្តែ​ក៏​នៅ​មាន​បងប្អូន​ខ្លះ​ទៀត បាន​ចោទ​ជា​សំនួរ​ដែរថា អ្នក​សិល្បៈ​ឈប់​ហើយ នៅ​ឡើយមាន​បងប្អូន​ Influencers ខ្លះ អ្នក​ផលិតមាតិការតាម​ទំព័រហ្វេសប៊ុកខ្លះ ពិធីករកីឡាខ្លះ​ នៅ​បន្ត​ចូលរួម​ផ្សពផ្វផ្សាយយ៉ាង​គគ្រឹកគគ្រេង​នៅ​ឡើយ​។

ប្រជាពលរដ្ឋ​ សង្ឃឹម​ថា​ស្មារតី​ចូលរួម​លុបបំបាត់ល្បែង អបាយមុខ​ ដែល​កំពុង​តែ​ផុសផុល​នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​នេះ​ នឹង​រីកសាយ​ភាយ​ទៅ​ដល់​ផ្នែកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ព្រោះ​បើ​សិន​បុគ្គល​ល្បីៗ​ទាំង​អស់​ចូលរួម​គ្នា​ជា​ធ្លុង​មួយ​ទៀត មិន​អាច​លុប​ចោល​ទាំង​ស្រុង​ តែ​បន្តិច​ម្ដង​ៗ​ យើង​អាច​កាត់​បន្ថយ​ពី​ហានិភ័យ​ខ្ពស់​មក​នៅ​ត្រឹម​ហានិភ័យ​ទាប ​រហូត​ដល់​លែង​មាន​ហានិភ័យ​ ឬ​ផលប៉ះពាល់​ដល់​ពលរដ្ឋ​និង​សង្គម​។

Share.